(ហ្សាការតា)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន គ្រោងនឹងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅចុងឆ្នាំ២០២២នេះ។ នេះជាការបញ្ជាក់របស់លោក ចូកូ វីដូដូ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២។
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bloomberg នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ លោក វីដូដូ បានគូសបញ្ជាក់ដូច្នេះថា លោក ស៊ី ជិនពីង នឹងមកចូលរួម ហើយលោកប្រធានាធិបតី ពូទីន ក៏បានប្រាប់ខ្ញុំដែរថា គាត់នឹងមកចូលរួម (កិច្ចប្រជុំកំពូល G20)។ នេះជាលើកដំបូងហើយដែលលោក វីដូដូ ទទួលស្គាល់ថាមេដឹកនាំចិន និងរុស្ស៉ីមានគម្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូល G20 ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខនេះ។
ក៏ប៉ុន្តែ ខាងក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងផែនការធ្វើដំណើររបស់លោក ស៊ី ជិនពីង ដែលមិនធ្លាប់បានធ្វើ ដំណើរចេញក្រៅប្រទេសនោះទេ ចាប់តាំងពីកូវីដ១៩ផ្ទុះឡើងមក។ ចំណែកឯ អ្នកនាំពាក្យម្នាក់នៃវិមានក្រឹមឡាំង ក៏បានបដិសេធធ្វើ អត្ថាធិប្បាយដែរ តែប្រភពពីមន្ត្រីរុស្ស៉ីផ្សេងទៀតបានទទួលស្គាល់ថាលោក ពូទីន ពិតជាមានគម្រោងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ពិតមែន៕