(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៨ សីហា) ថា រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន អាចនឹងត្រូវបិទ ប្រសិនបើកងកម្លាំងអ៊ុយក្រែនបន្តបាញ់ផ្លោងរោងចក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។
នៅក្នុងបទសម្ភាសន៍មួយ លោក Igor Kirillov ប្រធានកងកម្លាំងការពារវិទ្យុសកម្ម គីមី និងជីវសាស្រ្តរបស់រុស្ស៊ី បាននិយាយថា ប្រព័ន្ធជំនួយបម្រុងរបស់រោងចក្រត្រូវបានខូចខាត ដោយសារការបាញ់ផ្លោង។ លោកបានបន្តថា ក្នុងករណីមានឧបទ្ទវហេតុនៅរោងចក្រ សារធាតុវិទ្យុសកម្មនឹងគ្របដណ្តប់ប្រទេសអាល្លឺម៉ង់ ប៉ូឡូញ និងស្លូវ៉ាគី។
រោងចក្រ Zaporizhzhia ត្រូវបានធ្លាក់ក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីកាលពីខែមីនា។ វាបានប្រែក្លាយជាសមភូមិជួរមុខ ដោយបានរងការបាញ់ផ្លោងម្តងហើយម្តងទៀត ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ រុស្ស៊ី និងអ៊ុយក្រែន បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការវាយប្រហារលើរោងចក្រ៕