(ប៉េកាំង)៖ ទាក់ទិននឹងរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ ឯកអគ្គរដ្ឋ/រាជទូតរបស់ប្រទេសជាច្រើនប្រចាំ នៅប្រទេសចិនបានរំលឹកឡើងវិញនាពេលថ្មីៗនេះថា គាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ហើយដាស់តឿនភាគីអាមេរិកឱ្យឈប់ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងប្រទេសចិន។

លោក Andrey Denisov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសចិន បានលើកឡើងថា ការបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់ របស់លោកស្រី Pelosi ជាទង្វើបង្កហេតុជាសាធារណៈ។ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ភាគីចិនមានហេតុផលពេញលេញ និងសមរម្យក្នុងការចាត់វិធានការដ៏ចាំបាច់ ដើម្បីគាំពារអធិបតេយ្យភាពនិងបូរណរភាពទឹកដី។

លោក Pereira ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិនបានលើកឡើងថា គុយបាគាំទ្រដោយមិនងាករេ និងគ្មានលក្ខខណ្ឌចំពោះ គោលការណ៍ចិនតែមួយ ការបង្កហេតុរបស់ភាគីអាមេរិកលើបញ្ហាតៃវ៉ាន់ មុខជានឹងត្រូវបរាជ័យជាមិនខាន។

លោក Gustavo Sabino Vaca Narvaja ឯកអគ្គរដ្ឋទូតអាហ្សង់ទីនប្រចាំនៅប្រទេសចិន បានលើកឡើងថា អាហ្សង់ទីននឹងឈរនៅជាមួយប្រទេសចិនជាប់ជានិច្ច ហើយគាំទ្រគោលការណ៍ចិនតែមួយ យ៉ាងមុតមាំ។ ការបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ លោកស្រី Pelosi ជាការបង្កហេតុចំពោះប្រទេសចិន ដែលបណ្តាលឱ្យកើតមានអស្ថិរភាព ក្នុងតំបន់និងពិភពលោក៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន