(ណៃពិដោ)៖ អ្នកនាំពាក្យនៃរបបយោធា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៉ី ដើម្បីបន្ធូបន្ថយក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់ និងបញ្ហាឡើងថ្លៃ ខណៈមីយ៉ាន់ម៉ាក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មួយទៀត ដែលសម្រេចធ្វើដូច្នេះ ចំពេលមានវិបត្តិថាមពលសកល។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។
ប្រទេសអាស៊ានមួយនេះ បានព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៉ី ទោះបីជាប្រទេសទាំងពីរ កំពុងស្ថិតក្រោមការដាក់ទណ្ឌកម្ម ពីបណ្តាប្រទេសលោកខាងលិចក៏ដោយ ពោលគឺមីយ៉ាន់ម៉ាបានរងទណ្ឌកម្ម ដោយសារការធ្វើរដ្ឋប្រហារយោធា កាលពីឆ្នាំមុន រីឯរុស្ស៉ី គឺដោយសារ ការឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំនេះ។ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះ អ្នកនាំពាក្យនៃរបបយោធា លោក ហ្ស មីនទួន (Zaw Min Tun) បាននិយាយថា «យើងបានទទួលការអនុញ្ញាតឲ្យនាំចូលប្រេងឥន្ធនៈពីប្រទេសរុស្ស៊ី» ដោយការពេញចិត្តសម្រាប់ «គុណភាព និងតម្លៃទាប»។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា ការដឹកជញ្ជូនប្រេងឥន្ធនៈតាមកប៉ាល់ នឹងចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០២២នេះតទៅ។ ជាមួយគ្នានេះ របបយោធា បានបង្កើតគណៈកម្មាធិការទិញប្រេងពីរុស្ស៊ី ដើម្បីត្រួតពិនិត្យការទិញ, ការនាំចូល និងការដឹកជញ្ជូន ដោយផ្អែកលើតម្រូវការរបស់ប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ប្រទេសរុស្ស៉ី កំពុងស្វែងរកអ្នកទទួលទិញថ្មី សម្រាប់វិស័យថាមពលរបស់ខ្លួន ខណៈដែលអ្នកនាំចូលធំៗក្នុងតំបន់អឺរ៉ុប គ្រោងនឹងដាក់ទណ្ឌកម្មប្រេងរបស់រុស្ស៉ី ជាដំណាក់កាល ដោយចាប់ផ្តើមពីចុងឆ្នាំនេះ៕