(តៃប៉ិក)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្ញែងយន្ដហោះចម្បាំងដ៏ទំនើបប្រដាប់ដោយមីស៊ីលរបស់ខ្លួន F-16V នៅក្នុងការតាំងបង្ហាញនាពេល រាត្រីដ៏កម្រមួយ បន្ទាប់ពីចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។ នេះបើតាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។
ទីក្រុងប៉េកាំង បានធ្វើសមយុទ្ធយោធាទាំងជើងអាកាស គោក និងជើងទឹកជាច្រើនថ្ងៃ នៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្រោយប្រធានសភាតំណាងរាស្ត្រ អាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បំពេញទស្សនកិច្ចនៅតៃវ៉ាន់កាលពីដើមខែសីហាកន្លងទៅនេះ។ ប៉ុន្តែ ឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ចិន យោធាតៃវ៉ាន់ក៏បានដឹកនាំការធ្វើសមយុទ្ធយោធាផងដែរ ហើយកាលពីថ្ងៃពុធសប្ដាហ៍នេះកងទ័ពអាកាសតៃវ៉ាន់ បានដាក់តាំងសម្ញែងយន្ដហោះចម្បាំង F-16V ផលិតដោយសហរដ្ឋអាមេរិក។
បើតាមយោធាតៃវ៉ាន់ យន្ដហោះចម្បាំង F-16V ត្រូវបានបំពាក់ដោយមីស៊ីលប្រឆាំងនឹងនាវាចម្បាំង ហើយយន្ដហោះចម្បាំងដ៏ទំនើបនេះក៏បានចូលរួមក្នុង សមយុទ្ធត្រៀមលក្ខណៈប្រយុទ្ធនៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងតំបន់ហ័រលៀន (Hualien) នៃភាគខាងកើតកោះតៃវ៉ាន់។ យោធាតៃវ៉ាន់ឱ្យដឹងទៀតថា យន្ដហោះចម្បាំង F-16V ចំនួន៦គ្រឿងបានធ្វើសមយុទ្ធហោះហើរក្នុងបេសកកម្មហ្វឹកហាត់ និងស៊ើបការណ៍សម្ងាត់នៅពេលយប់ ហើយក្នុងចំណោម យន្ដហោះចម្បាំងទាំងនេះមាន ២គ្រឿង ប្រដាប់ដោយមីស៊ីល៕