(កៀវ)៖ អ៊ុយក្រែន គឺជាអ្នកនៅពីក្រោយហេតុការណ៍ផ្ទុះចំនួន ៣លើក នៅឯមូលដ្ឋានយោធារុស្ស៊ី ក្នុងតំបន់គ្រីមៀ (Crimea) កាលពីសប្តាហ៍មុន រួមទាំងការបំផ្ទុះនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី ក្នុងតំបន់ឆ្នេរភាគខាងលិច ដែលបានធ្វើឱ្យយន្តហោះជាច្រើនគ្រឿងរងការខូចខាត។ នេះបើយោង តាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២។
ដោយទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលអ៊ុយក្រែន ដើម្បីចែករំលែករបាយការណ៍នេះ មន្ត្រីអ៊ុយក្រែន បានប្រាប់ CNN ក្នុងលក្ខខណ្ឌមិនបញ្ចេញ ឈ្មោះឲ្យដឹងថា មូលដ្ឋានទ័ពអាកាស សាគី (Saki) របស់រុស្ស៉ីដែលរញ្ជួយដោយការផ្ទុះដ៏កក្រើកសម្លាប់មនុស្សម្នាក់ កាលពីថ្ងៃអង្គារសប្តាហ៍នេះ រួមទាំងការវាយប្រហារជាបន្តបន្ទាប់ជាផ្សេងទៀត គឺជាភស្តុតាងបង្ហាញពីសមត្ថភាពយោធាអ៊ុយក្រែន ក្នុងការកំណត់គោលដៅក្នុងតំបន់គ្រីមៀ (Crimea) ហើយវាបានបង្កការខាតបង់យ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីនៅទីនោះ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៉ី នៅក្នុងសប្ដាហ៍នេះ ក៏បានទទួលស្គាល់ជាលើកដំបូងដែរថាការផ្ទុះនៅឯឃ្លាំងយោធាមួយកន្លែង ស្ថិតនៅ ភាគខាងជើងនៃតំបន់គ្រីមៀដែលបង្ខំឱ្យអាជ្ញាធរជម្លៀសមនុស្សជាង ៣,០០០នាក់ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ គឺជា «ទង្វើវិច្ឆេទកម្ម»។ ហេតុការណ៍ផ្ទុះនេះកើតមានឡើង បន្ទាប់ពីកាលពីសប្ដាហ៍មុន ក៏មានការផ្ទុះជាច្រើនលើក នៅឯមូលដ្ឋានទ័ពអាកាសរុស្ស៉ី ក្នុងតំបន់គ្រីមៀផងដែរ ហើយនៅពេលនោះក្រុមមន្ត្រីរុស្ស៉ីបានអះអាងថាការផ្ទុះនេះគ្រាន់តែគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលអ៊ុយក្រែនផ្ទាល់ នៅតែមិនទាន់ធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ CNN នោះទេ ដោយមិនទាន់បាន ទទួលស្គាល់ជាផ្លូវការ ហើយក៏មិនបានបដិសេធថាតើខ្លួនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់គ្រីមៀ ឬក៏យ៉ាងណានោះដែរ៕