(តូក្យូ)៖ សារព័ត៌មានជប៉ុនជិជិ (Jiji) បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែសីហា ឆ្នាំ២០២២នេះថាទីប្រឹក្សាសន្តិសុខជាតិជប៉ុន លោក តាកេអុ អាគីបា (Takeo Akiba) បានបើកកិច្ចពិភាក្សាមួយជាមួយមន្ត្រីការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) កាលពីថ្ងៃពុធសប្ដាហ៍នេះ ចំពោះមុខភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីជប៉ុន សារព័ត៌មាន Jiji បានឱ្យដឹងទៀតថាមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ បានឯកភាពគ្នា ថានឹងបន្តកិច្ចសន្ទនា ដើម្បីសម្រេចឱ្យបាននូវទំនាក់ទំនងប្រកបដោយលក្ខណស្ថាបនា និងមានស្ថិរភាព។ នៅក្នុងជំនួបនោះដែរ លោក អាគីបា ក៏បានបញ្ជាក់ឡើងវិញដែរពីគោលជំហររបស់ជប៉ុនចំពោះសំណុំរឿងតៃវ៉ាន់ ជាមួយការសង្កត់ធ្ងន់ថាសន្តិភាព និងស្ថិរភាពក្នុង តំបន់ច្រកសមុទ្រតៃវ៉ាន់ជារឿងសំខាន់បំផុត។
ភាពតានតឹងភូមិសាស្ត្រនយោបាយពាក់ព័ន្ធនឹងតៃវ៉ាន់ បានឡើងកម្ដៅខ្លាំងក្នុងខែសីហានេះ ក្រោយប្រធានសភាតំណាងរាស្ត្រអាមេរិកបំពេញ ទស្សនកិច្ចនៅតៃវ៉ាន់។ ទីក្រុងប៉េកាំង ដែលបានចាត់ទុកថាតៃវ៉ាន់ជាខេត្តមួយរបស់ខ្លួន បានដឹកនាំការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់ មាន ឆ្លើយតបទៅនឹងទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ក្នុងនោះរួមមានទាំងការបាញ់មីស៊ីលរំលងកោះតៃវ៉ាន់ និងមានមីស៊ីលខ្លះក៏បានធ្លាក់ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុនផងដែរ៕