(វ៉ាស៊ីនតោន)៖ ក្រុមអ្នកបង្កើតគោលនយោបាយលោកខាងលិច ហាក់ដូចជាបានឈានដល់ការឯកភាពគ្នាមួយពីសង្រ្គាមនៅអ៊ុយក្រែន នោះគឺថាសង្រ្គាមសព្វថ្ងៃបាន និងកំពុងក្លាយជាសង្រ្គាមរុំារ៉ៃយូរអង្វែង ហើយនៅពេលដែលធ្វើឱ្យរុស្ស៉ីទន់ខ្សោយ នោះទីក្រុងមូស្គូនឹងត្រូវបង្ខំចិត្តទទួលយកកិច្ចព្រមព្រៀងសន្តិភាពមួយតាមលក្ខខណ្ឌ ដែលកំណត់ដោយសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តណាតូ ព្រមទាំងអ៊ុយក្រែន។ ប៉ុន្តែខណៈពួកគេកំពុងគិតដូច្នេះ រុស្ស៉ីក៏មានការយល់ឃើញរបស់ខ្លួនដែរ នោះគឺរង់ចាំមើល ថាតើសហរដ្ឋអាមេរិក និងអឺរ៉ុបដែលកំពុងប្រឈមមុខនឹងអតិផរណា ជាពិសេសការខ្វះខាតឧស្ម័ន ប្រឈមមុខនឹងរដូវរងារជិតមកដល់ អាចនឹងទ្រាំ និងជួយអ៊ុយក្រែនបានយូរប៉ុនណា។
ក្នុងន័យនេះរុស្ស៉ីក៏រំពឹងដែរថានៅពេលសហរដ្ឋអាមេរិក និងអឺរ៉ុបអស់ខ្យល់ នោះពួកគេនឹងព្រមទទួលយកលក្ខខណ្ឌសន្តិភាពជាមួយអ៊ុយក្រែនដែលកំណត់ដោយវិមាន ក្រឹមឡាំង។ ជាការពិតណាស់ មកទល់នឹងពេលនេះមានមនុស្សតិចតួចណាស់ ដែលជឿថាសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពចូលជួយអ៊ុយក្រែន ហើយរុស្ស៉ីនឹងប្រើ អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែ អ្វីដែលគេពិបាកនឹងប្រកែក គឺហានិភ័យនៃមហន្តរាយនុយក្លេអ៊ែរ ឬសង្រ្គាមទ្រង់ទ្រាយធំ នៅតែបន្តលងបន្លាចបណ្ដាប្រទេសអឺរ៉ុប ក្នុងបរិបទ ដែលភាគីសង្រ្គាមទាំងអស់សុទ្ធតែ «កំពុងប្រឡែងលេងជាមួយភ្លើង» សំដៅសម្រេចមហិច្ឆតារៀងៗខ្លួន ដោយមិនបានបង្ហាញពីសញ្ញាដកថយឡើយ។
ដើម្បីងាយស្រួលយល់ពីថាមវន្តនៃការកើនឡើងជម្លោះនៅអ៊ុយក្រែន គេត្រូវស្វែងយល់ពី «គោលដៅ» របស់គូភាគីសង្រ្គាមនៅអ៊ុយក្រែនជាមុនសិន។ ចាប់តាំងពី សង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី២៤ ខែកុម្ភៈមក ទាំងសហរដ្ឋអាមេរិក និងរុស្ស៉ីបានបង្ហើបពីមហិច្ឆតារៀងៗខ្លួនជាមួយការប្ដេជ្ញាចិត្តយកជ័យជម្នះឱ្យបានលើសមរភូមិ ហើយបច្ចុប្បន្ន ការប្ដេជ្ញាចិត្តកាន់តែខ្លាំងក្លាទ្វេដង ដោយម្នាក់ៗសុទ្ធតែប្រឹងប្រែងធ្វើយ៉ាងណាកុំឱ្យ «ក្លាយជាជនបរាជ័យ»។ ជាការអនុវត្តជាក់ស្ដែង នេះមានន័យថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនកងទ័ពចូលជួយអ៊ុយក្រែន ប្រសិនបើមិនអាចឈ្នះ ឬរារាំាងកុំឱ្យអ៊ុយក្រែនចាញ់បានទេនោះ ខណៈរុស្ស៉ីអាចនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនបើលោក ពូទីនយល់ថាមិនអាចឈ្នះ ឬបរាជ័យស្ថិតនៅចំពោះមុខអាចនឹងកើតមានឡើងឆាប់ៗ។
តាមរយៈការប្ដេជ្ញាចិត្ត ក្នុងការសម្រេចគោលដៅបែបនេះឯង ទើបក្នុងស្ថានការណ៍នៃសង្រ្គាមសព្វថ្ងៃ វាមានឱកាសតិចតួចណាស់ថាភាគីសង្រ្គាមអាចនឹងធ្វើការ សម្រុះសម្រួល ឬព្រមថយមួយជំហ៊ានម្នាក់។ ឬអាចនិយាយម្យ៉ាងទៀតបានថាទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូចង់ឈ្នះជាដាច់ខាត ដើម្បីអាចកំណត់លក្ខខណ្ឌ នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពដែលបម្រើដល់ផលប្រយោជន៍របស់ពួកគេ។ ត្រង់ចំណុចនេះ គេត្រូវចាំថាអវត្តមាននៃលទ្ធភាពចរចាបញ្ចប់ជម្លោះតាមផ្លូវការទូត វានឹងផ្ដល់ហេតុផលឱ្យគ្រប់ភាគីបង្កើនជម្លោះ ក្នុងគោលបំណងសម្រេចគោលដៅរបស់ពួកគេ។
* មានមហិច្ឆតាខ្ពស់ ខ្លាចបាក់មុខកាន់តែខ្លាំង
នៅពេលសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងដំបូង សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូមានមហិច្ឆតាត្រឹមតែគាំទ្រអ៊ុយក្រែន ក្នុងការរារាំងកុំឱ្យរុស្ស៉ីឈ្នះ និងជួយសម្រួល ដល់ការស្វែងរកកិច្ចចរចាបញ្ចប់សង្រ្គាមតែប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយមកនៅពេលដែលមើលឃើញថាយោធាអ៊ុយក្រែន មានសមត្ថភាពវាយបកលើទាហានរុស្ស៉ី ជាពិសេសក្រោយទាហានរុស្ស៉ីដកចេញពីតំបន់ជុំវិញទីក្រុងកៀវ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រើ «យុទ្ធសាស្ត្ររុញទូកបណ្ដោយទឹក» និងបាន ប្ដេជ្ញាចិត្តជួយអ៊ុយក្រែនឱ្យឈ្នះនៅក្នុងសង្រ្គាមប្រឆាំងនឹងរុស្ស៉ី។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក បៃដិន ក៏បាននិងកំពុងព្យាយាមជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដីផងដែរ តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។
មហិច្ឆតាបំបាក់រុស្ស៉ី បានស្ដែងឡើងកាន់តែច្បាស់តាមរយៈសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) ដែលបានពន្យល់ពី គោលបំណងរបស់សហរដ្ឋអាមេរិកនៅក្នុងសង្រ្គាមអ៊ុយក្រែន។ ក្នុងសុន្ទរកថាកាលពីខែមេសាកន្លងទៅ លោក អូស្ទីន បាននិយាយដោយឥតលាក់លៀមថា «អាមេរិក ចង់ឃើញរុស្ស៉ីចុះទន់ខ្សោយដល់កម្រិតមួយដែលលែងអាចឈ្លានពានប្រទេសដទៃ ដូចដែលរុស្ស៉ីធ្វើនៅអ៊ុយក្រែន នៅពេលអនាគត»។ ការលើកឡើងបែបនេះ វាធ្វើ ឱ្យគេមើលឃើញយ៉ាងច្បាស់ថាសហរដ្ឋអាមេរិកបានបង្ហាញពីមហិច្ឆតា «វាយរុស្ស៉ីឱ្យសន្លប់ ហើយឱ្យគេសែងចេញពីសង្វៀនកំពូលមហាអំណាច»។ កាន់តែសំខាន់ជាង នេះទៅទៀត នោះគឺសហរដ្ឋអាមេរិកខ្លួនឯងបានយកកិត្តិយស និងមុខមាត់របស់ខ្លួនផ្ញើទុកនឹងសង្រ្គាមនៅអ៊ុយក្រែនរួចបាត់ទៅហើយ។ លោកប្រធានាធិបតី ចូ បៃដិន បានចាត់ទុកថាសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែនជា «អំពើប្រល័យពូជសាសន៍» និងថែមទាំងបានចោទប្រកាន់ទៀតផងថាលោក ពូទីនជា « ឧក្រិដ្ឋជនសង្រ្គាម» ដែល គួរតែយកមកកាត់ទោសពី «បទឧក្រិដ្ឋកម្មសង្រ្គាម»។
ការប្រើពាក្យពេចន៍ធ្ងន់ៗបែបនេះចេញពីមាត់ប្រធានាធិបតីអាមេរិក វាធ្វើឱ្យគេពិបាកនឹងស្រមៃខ្លាំងណាស់ថាសហរដ្ឋអាមេរិកអាចនឹងដកថយ ឬព្រមចុះចាញ់ក្នុងសង្រ្គាម ពីព្រោះថាបើរុស្ស៉ីឈ្នះពិតមែន នោះថាតើសហរដ្ឋអាមេរិកយកមុខទៅទុកឯណា? ឬសមធ្វើជាមហាអំណាចដឹកនាំពិភពលោកទៀតដែរឬទេ? ហើយចូរកុំភ្លេចថាអ្នក ដែល អង្គុយរង់ចាំមើលអាមេរិកចាញ់ នោះគឺចិន។ និយាយពីរុស្ស៉ីវិញ មហិច្ឆតារបស់លោក ពូទីន ក៏បានរីកកាន់តែធំផងដែរ។ ផ្ទុយពីការគិតជាទូទៅ នៅក្នុងបណ្ដាប្រទេស លោកខាងលិច រុស្ស៉ីមិនមែនចង់ឈ្លានពានដើម្បីគ្រប់គ្រងអ៊ុយក្រែនទាំងមូលនោះទេ ដោយដំបូងឡើយរុស្ស៉ីមានមហិច្ឆតាត្រឹមតែរារាំងកុំឱ្យអ៊ុយក្រែនក្លាយជាប្រទេស លោកខាងលិចមួយដែលមានរបងផ្ទះជាប់រុស្ស៉ីតែប៉ុណ្ណោះ។ លោក ពូទីន និងក្រុមមន្ត្រីទីប្រឹក្សារបស់លោកធ្លាប់បានបង្ហាញក្ដីកង្វល់ម្ដងហើយម្ដងទៀតពីលទ្ធភាពដែល អ៊ុយក្រែនអាចចូលជាសមាជិកណាតូ។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានកាលពីពាក់កណ្ដាលខែមករា ថា «កូនសោរដោះស្រាយបញ្ហាគ្រប់យ៉ាង នោះគឺការធានាឱ្យបានថាណាតូនឹងបញ្ឈប់ការពង្រីកឥទ្ធិពលឆ្ពោះមកទិសខាងកើត»។
សម្រាប់ថ្នាក់ដឹកនាំរុស្ស៉ី សមាជិកភាពណាតូរបស់អ៊ុយក្រែន ដែលលោក ពូទីន យកមកប្រើជាហេតុផលឈ្លានពានអ៊ុយក្រែន គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះរុស្ស៉ី ហើយមធ្យោបាយតែមួយគត់ ដែលអាចលុបបំបាត់ការគំរាមកំហែងនេះបាន មានតែជម្រើសធ្វើសង្រ្គាម និងប្រែក្លាយអ៊ុយក្រែនឱ្យក្លាយជា «រដ្ឋអព្យាក្រឹត ឬរដ្ឋដ៏ទន់ខ្សោយ មួយ»។ ក៏ប៉ុន្តែ មហិច្ឆតាទាំងនេះបានផ្លាស់ប្ដូរទាំងស្រុង នៅពេលកងទ័ពរុស្ស៉ីចាប់ផ្ដើមឈានជើងជាន់ទឹកដីអ៊ុយក្រែន រុស្ស៉ីហាក់ដូចជាបានប្រទះឃើញ «នំដ៏ឆ្ងាញ់ដែល ចង់ហូបហើយ ហូបទៀត» នោះគឺទឹកដីអ៊ុយក្រែនតែម្ដង។ មែនទែនទៅ នៅមុនសង្រ្គាមផ្ទុះឡើង រុស្ស៉ីបានសន្យាប្ដេជ្ញាចិត្តអនុវត្តតាមកិច្ចព្រមព្រៀងទីក្រុងមីនស្កិ៍លើកទី២ (Minsk II) ដែលតម្រូវឱ្យទីក្រុងមូស្គូទទួលស្គាល់ថាតំបន់ដុនបាស់ជាផ្នែកមួយរបស់អ៊ុយក្រែន។ តែយ៉ាងណាក៏ដោយ ក្រោយកងទ័ពរុស្ស៉ីប្រកាសងាកទៅលើការរំដោះ តំបន់ដុនបាស់ រុស្ស៉ីបានវាយកាន់កាប់ទឹកដីនៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែនមួយភាគធំ ហើយបច្ចុប្បន្នមានភស្តុតាងបង្ហាញកាន់តែច្បាស់ថាលោក ពូទីនមាន បំណងក្រសោបយក ឬបញ្ចូលទឹកដីអ៊ុយក្រែនដែលខ្លួនកំពុងកាន់កាប់ទៅក្នុងឧបសម្ព័ន្ធរបស់ខ្លួន ដូចដែលមូស្គូក្រសោបយកតំបន់គ្រីមៀកាលពីឆ្នាំ២០១៤។
បើតាមក្រុមអ្នកជំនាញ សព្វថ្ងៃការគំរាមកំហែងចំពោះរុស្ស៉ី គឺធំជាងនៅមុនពេលសង្រ្គាមផ្ទុះឡើងទៅទៀត ហើយមានមួយផ្នែកធំ គឺដោយសារតែរដ្ឋបាលលោក បៃដិន បានប្ដេជ្ញាចិត្តជួយអ៊ុយក្រែនដណ្ដើមយកទឹកដី ដែលរុស្ស៉ីកំពុងកាន់កាប់មកវិញ និងកាច់បំបាក់ធ្មុងរបស់រុស្ស៉ី។ ចំណែកឯ ការគំរាមកំហែងធំមួយទៀតសម្រាប់មូស្គូ គឺហ្វាំងឡង់ និងស៊ុយអែត កំពុងចូលជាសមាជិកណាតូដោយសន្សឹមៗ ហើយអ៊ុយក្រែនវិញកាន់តែមានសមត្ថភាពយោធាខ្លាំងដោយមានការបំពាក់អាវុធទំនើបៗ និងខិតទៅ រកលោកខាងលិចជាងពេលណាទាំងអស់។ ដូច្នេះហើយទើបថាក្នុងកាលៈទេសៈបែបនេះ រុស្ស៉ីមិនអាចបាត់បង់ ឬចុះសង្រ្គាមនៅអ៊ុយក្រែនជាដាច់ខាត ហើយអាចនឹងប្រើ គ្រប់មធ្យោបាយទាំងអស់ដែលខ្លួនមានដើម្បីបញ្ចៀសបរាជ័យ ស្របពេលលោក ពូទីនផ្ទាល់ហាក់ដូចជាមានទំនុកចិត្តថារុស្ស៉ីនឹងយកឈ្នះលើអ៊ុយក្រែន និងលោកខាងលិច។ «នៅថ្ងៃនេះ, យើងបានស្ដាប់ឮថាពួកគេចង់បំបាក់ពួកយើងនៅលើសមរភូមិ...ដូច្នេះទុកឱ្យពួកគេសាកមើលចុះ»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន នៅក្នុងសុន្ទរកថា មួយកាលពីខែកក្កដា ដោយបន្ថែមថា គោលដៅទាំងឡាយនៃប្រតិបត្តិការយោធាពិសេសរបស់លោកនឹងទទួលបានជោគជ័យ ដោយគ្មានការសង្ស័យអ្វីទៀតឡើយ។
ដោយឡែក សម្រាប់អ៊ុយក្រែនវិញ គឺមានគោលដៅដូចគ្នាទៅនឹងរដ្ឋបាលលោក ចូ បៃដិនដែរ។ ទាហានអ៊ុយក្រែន កំពុងពលីជីវិតដើម្បីវាយដណ្ដើមទឹកដីដែលរុស្ស៉ីកំពុង កាន់កាប់យកមកវិញ ក្នុងនោះតំបន់គ្រីមៀ ក៏ស្ថិតនៅក្នុងមហិច្ឆតារបស់លោក ហ្សេលេនស្គីផងដែរ និងធ្វើយ៉ាងឱ្យរុស្ស៉ីចុះទន់ខ្សោយលែងអាចបង្កការគំរាមកំហែងដល់ អ៊ុយក្រែនតទៅទៀត។ អ៊ុយក្រែនក៏មានទំនុកចិត្តថាខ្លួនអាចនឹងឈ្នះក្នុងសង្រ្គាមដែរ ដូចដែលរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡិចស៊ី រ៉េស្នីកូវ (Oleksii Reznikov) បានបញ្ជាក់កាលពីពាក់កណ្ដាលខែកក្កដាថា «រុស្ស៉ីអាចនឹងត្រូវបានបំបាក់យ៉ាងពិតប្រាកដ ហើយអ៊ុយក្រែនកំពុងបង្ហាញពីសមត្ថភាពថាខ្លួនអាចធ្វើដូច្នេះ» ខណៈសមាភាគី អាមេរិករបស់លោកក៏យល់ឃើញបែបនេះ។ ក្នុងសុន្ទរកថាកាលពីចុងខែកក្កដា លោក អូស្ទីន បានសង្កត់ធ្ងន់ដូច្នេះថា «ជំនួយរបស់ពួកយើងកំពុងបង្ហាញពីប្រសិទ្ធភាព ជាក់ស្ដែងនៅលើសមរភូមិ។ រុស្ស៉ីគិតថាពួកគេអាចទ្រាំបានយូរជាងពួកយើង ប៉ុន្តែអ្វីទាំងនេះគ្រាន់តែជាការយល់ខុសរបស់រុស្ស៉ីប៉ុណ្ណោះ»។
សរុបមកវិញ ទាំងសហរដ្ឋអាមេរិក អ៊ុយក្រែន និងរុស្ស៉ី សុទ្ធតែប្ដេជ្ញាចិត្តយកឈ្នះ និងបំបាក់គូសត្រូវកុំឱ្យងើបមុខរួចរៀងៗខ្លួន ដែលនេះត្រូវបានគេមើលឃើញថាមានឱកាស តិចតួចបំផុតក្នុងការសម្រុះសម្រួល ឬសម្រេចបានកិច្ចចរចាសន្តិភាពក្នុងរយៈពេលដ៏ខ្លីខាងមុខនោះឡើយ។ ដល់ដំណាក់កាល់នេះ មើលទៅទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងមិនទទួលយកលក្ខខណ្ឌឱ្យអ៊ុយក្រែនក្លាយជារដ្ឋអព្យាក្រឹតនោះទេ ហើយជាការពិតអ៊ុយក្រែនបានក្លាយជាផ្នែកមួយនៃលោកខាងលិចរួចស្រេចទៅហើយ។
រីឯ រុស្ស៉ីក៏នឹងមិនយល់ព្រមប្រគល់ទឹកដី ដែលខ្លួនកំពុងកាន់កាប់ឱ្យអ៊ុយក្រែនវិញនោះដែរ ជាពិសេសក្នុងពេលជម្លោះនៅក្នុងតំបន់ដុនបាស់រវាងក្រុមឧទ្ទាមផ្ដាច់ខ្លួនគាំទ្រ ដោយរុស្ស៉ី និងកងកម្លាំងអ៊ុយក្រែន មានសភាពធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក។
ដោយសារតែមហិច្ឆតា និងផលប្រយោជន៍ពាក់ព័ន្ធនឹងសង្រ្គាមនេះហើយ ទើបក្រុមអ្នកឃ្លាំមើលស្ថានការណ៍សង្រ្គាមអ៊ុយក្រែន ជឿជាក់ថាកិច្ចចរចាស្វែងរកសន្តិភាពបញ្ចប់ សង្រ្គាមនឹងមិនអាចកើតមានឡើងក្នុងពេលឆាប់ៗទេ។ ប៉ុន្តែ រឿងដែលសំខាន់ នោះគឺហានិភ័យនៃការបង្កើនការធ្វើសង្រ្គាម និងមហន្តរាយធ្ងន់ធ្ងរអាចនឹងកើតឡើង បើសង្រ្គាម នៅតែបន្តអូសបន្លាយ។ វាមានមូលហេតុ៣សំខាន់ដែលអាចនាំទៅរកការបង្កើនការធ្វើសង្រ្គាមរឹតតែខ្លាំង៖ ទីមួយគឺ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាមដើម្បីឈ្នះ រៀងៗខ្លួន។ ទី២ ភាគីសង្រ្គាមមានចេតនាបង្កើនការធ្វើសង្រ្គាម ដើម្បីបញ្ចៀសបរាជ័យ និងទី៣ គឺបង្កើនការធ្វើសង្រ្គាមដោយគ្មានជម្រើស។ ក្នុងជម្រើសទាំង៣នេះ ជម្រើស ណាមួយ ក៏អាចបង្ខំឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ ឬក៏រុស្ស៉ីត្រូវបង្ខំចិត្តប្រើអាវុធនុយក្លេអ៊ែរ បានដែរ៕