(ប៉េកាំង)៖ ក្រសួងការពារជាតិចិននាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការថា កងទ័ពចិននឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដើម្បីចូលរួមក្នុងការធ្វើសមយុទ្ធយោធារួមមួយ ជាមួយរុស្ស៉ីនិងប្រទេសដទៃទៀត រួមមានទាំងឥណ្ឌា បេឡារុស និងតាហ្ស៉ីគីស្ថាន ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
ក្រសួងការពារជាតិចិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការចូលរួមរបស់ចិន នៅក្នុងសមយុទ្ធខាងលើ គឺមិនពាក់ព័ន្ធគ្នា ជាមួយស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ នាពេលបច្ចុប្បន្ននោះឡើយ។ ទីក្រុងប៉េកាំងបានបន្ថែមទៀតថា សមយុទ្ធយោធារួមនេះ គឺស្ថិតនៅក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ។ មួយវិញទៀត សមយុទ្ធយោធាដឹកនាំដោយរុស្ស៉ី ដែលមានការចូលរួមពីចិនបែបនេះ ក៏ធ្លាប់ប្រារព្ធឡើង ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយផងដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដាកន្លងទៅ សារព័ត៌មានហុងកុង South China Morning Post បានរាយការណ៍ថា យោធាចិននឹងបញ្ជូន កងទ័ពក៏ដូចជារថក្រោះទៅកាន់ប្រទេសរុស្ស៉ី នៅខែសីហានេះ ដើម្បីចូលរួមក្នុង ការធ្វើសមយុទ្ធចម្រុះជាតិសាសន៍ធំមួយ របស់រុស្ស៉ី ជាមួយសមភាគីមកពីប្រទេសជាច្រើនទៀត ដែលត្រូវរៀបចំឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ ខែសីហា នៅក្នុងប្រទេសចំនួន១២ ក្នុងនោះរួមមានរុស្ស៉ី អ៉ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងអាមេនីជាដើម៕