(ប៉េកាំង)៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៣ នៅក្នុងកាលវិភាគដ៏តឹងតែង នៃមហាសន្និបាតនៃសភាទាំងពីរ របស់ប្រទេសចិន លោក Xi Jinping បានបន្ថែមការងារមួយឱ្យខ្លួនឯងគឺ ការត្រឡប់ទៅសាកលវិទ្យាល័យ Tsinghua ដែលជាសាលាមាតារបស់លោក។ គោលបំណងនៃការវិលត្រឡប់ទៅកាន់សាកលវិទ្យាល័យ Tsinghua គឺដើម្បីនាំចូល «ខួរក្បាលឆ្លាតវៃ» សម្រាប់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ របស់ខេត្ត Zhejiang ដោយសង្ឃឹមថា អាចទទួលបានការគាំទ្រលើវិស័យបច្ចេកវិទ្យា និងធនធានមនុស្សជាដើម ពីសាកលវិទ្យាល័យ Tsinghua។

ក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ លោក Xi Jinping មិនត្រឹមតែបង្ហាញពី «គុណសម្បត្តិ» របស់ខេត្ត Zhejiang ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ដោយត្រង់ៗនូវ «គុណវិប្បត្តិ» របស់ខេត្ត Zhejiang ផងដែរ៖ ខេត្ត Zhejiang មានប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏ល្អ ពេញលេញបង្កួរ និងមានលក្ខណៈអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាក់ស្តែង ហើយប្រជាជនមានភាពក្លាហានក្នុងការងារ និងការច្នៃប្រឌិតថ្មី ទន្ទឹមនឹងនេះ រចនាសម្ព័ន្ធឧស្សាហកម្មរបស់ខេត្ត Zhejiang នៅតែស្ថិតក្នុងកម្រិតទាបនៅឡើយ គុណភាពទាំងមូលនិងសមត្ថភាពប្រកួតប្រជែង នៃសេដ្ឋកិច្ច ត្រូវតែធ្វើឱ្យប្រសើរឡើង ហើយត្រូវបង្កើនប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវសមត្ថភាព ច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ។

ការលើកកម្ពស់កម្រិតនៃការច្នៃប្រឌិតថ្មី ខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា គឺជាបំណងប្រាថ្នាដ៏មុតមាំរបស់ខេត្ត Zhejiang។ ការចរចាលើកនេះបានក្លាយជាបំណងសហការ ក្នុងការបង្កើតវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៣ រដ្ឋាភិបាលប្រជាជនខេត្ត Zhejiang និងសាកលវិទ្យាល័យ Tsinghua បានចុះហត្ថលេខាលើកិច្ចសន្យា ដើម្បីរួមគ្នាកសាងវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua។

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Zhou Haimeng ដែលពេលនោះជាអនុប្រធានប្រតិបត្តិអចិន្ត្រៃយ៍ វិទ្យាស្ថានវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Tsinghua ត្រូវបានតែងតាំងជាព្រឹទ្ធបុរសអាណត្តិទី១ នៃវិទ្យាស្ថាន។ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំចិនក្នុងឆ្នាំ២០០៤ លោក Zhou Haimeng និងអ្នកសិក្សាស្រាវជ្រាវចំនួន ៧នាក់ផ្សេងទៀតបានមកក្រុង Jiaxing ហើយបានរើទៅនៅការិយាល័យបណ្តោះអាសន្ន។ ចាកចេញពីក្រុងប៉េកាំងមកកាន់ខេត្ត Zhejiang ហើយទៅកាន់វិទ្យាស្ថានសិក្សាស្រាវជ្រាវ ដែលមិនទាន់លេចចេញជារូបរាង ធ្វើឱ្យអ្នកខ្លះមានអារម្មណ៍មិនស្ងប់ចិត្ត។ លោក Xi Jinping បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការអភិវឌ្ឍវិទ្យាស្ថាននិងការងារ និងជីវភាពរស់នៅរបស់អ្នកសិក្សាស្រាវជ្រាវ ហើយតែងសួរសុខទុក្ខជារឿយៗ។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០០៤ លោក Xi Jinping បានអញ្ជើញទៅដល់ក្រុង Jiaxing ដើម្បីចុះត្រួតពិនិត្យការងារទីតាំង នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវ។ ដោយសារការអនុវត្តការគ្រប់គ្រងម៉ាក្រូ ដោយរដ្ឋាភិបាលក្នុងឆមាសទី ១ ដីគម្រោងត្រូវបានបង្កករយៈពេលកន្លះឆ្នាំ។ លោក Xi Jinping បានជជែកជាមួយអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ អស់រយៈពេលជាយូរ និយាយអំពីការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅខេត្ត Zhejiang និងសូម្បីតែប្រទេសទូទាំងប្រទេសចិន ហើយស្រមៃមើលអនាគតនៃការអភិវឌ្ឍ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ ពេលបែកគ្នា លោក Xi Jinping បានអង្វរអ្នករាល់គ្នាឱ្យជម្នះការលំបាកនៅនឹងដៃ ជាបណ្ដោះអាសន្ន។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៥ អគារច្នៃប្រឌិតថ្មី បានបើកធ្វើពិធីបញ្ចុះបឋមសិលាលោក Xi Jinping បានស្រូតដំណើរទៅកាន់ក្រុង Jiaxing ដើម្បីចូលរួមនិងបើកស្លាករួមគ្នា ជាមួយលោក Gu Binglin ដែលជាសកលវិទ្យាធិការនៃសាកលវិទ្យាល័យ Tsinghua។ បីឆ្នាំក្រោយមក អគារទីស្នាក់ការកណ្តាល នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវបានបញ្ចប់ការសាងសង់ ហើយក្រុមគ្រប់គ្រងការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បានបង្កើតរចនាសម្ព័ន្ធពេញលេញ អ្នកសិក្សាស្រាវជ្រាវក៏ពង្រីកពី ៧ រូបទៅជិត ១០០រូបផងដែរ ។

នៅក្នុងខែតុលា ឆ្នាំ ២០០៨ លោក Xi Jinping ដែលបានធ្វើការនៅក្នុងមជ្ឈិមបក្សបានចុះត្រួតពិនិត្យការងារនៅស្រុក Jiashan ក្រុង Jiaxing ហើយបានចុះត្រួតពិនិត្យការងារនៅ វិទ្យាស្ថានជីវបច្ចេកវិទ្យានិងវេជ្ជសាស្ត្រ មានទីតាំងនៅស្រុក Jiashan។ លោកបាននិយាយទាំមានងអារម្មណ៍រីករាយថា៖ ខ្ញុំបានមកទីនេះនៅពេលដែលវិទ្យាស្ថានត្រូវបានបង្កើតឡើង និងពេលដែលបញ្ចុះបឋមសិលាអគារទីស្នាក់ការនេះ លើកនេះខ្ញុំបានឃើញថា វិទ្យាស្ថានមានការអភិវឌ្ឍយ៉ាងលឿន សមិទ្ធផលក៏បានបង្ហាញផងដែរ ហើយមានលទ្ធផលដ៏ល្អ ខ្ញុំមានអារម្មណ៍សប្បាយរីករាយ ។ ឥឡូវនេះ អាចមើលឃើញថា យើងនាំមកនូវវិទ្យាស្ថានសិក្សាស្រាវជ្រាវ Tsinghuaគឺត្រឹមត្រូវណាស់ ហើយជ្រើសរើសទីតាំងនៅក្រុង Jiaxingក៏ត្រឹមត្រូវដែរ។

ក្នុងឆ្នាំ២០១៤ វិទ្យាស្ថានបានប្រារព្ធខួបលើកទី១០។ លោក Xi Jinping នៅតែនឹករលឹកដល់វិទ្យាស្ថាន។ លោកបានធ្វើការណែនាំសំខាន់ៗ នៅក្នុងរបាយការណ៍ដែលបានដាក់រួមគ្នា ដោយគណៈកម្មាធិការបក្សខេត្ត Zhejiang និងសាកលវិទ្យាល័យ Tsinghua ថា «ការងារស្វែងរកនិងការអនុវត្តរយៈពេល ១០ឆ្នាំ នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze Zhejiang-Tsinghua បង្ហាញថា កិច្ចសហប្រតិបត្តិការរវាងខេត្តនិងសកលវិទ្យាល័យគឺ ដើម្បីកែលម្អការបែងចែកធនធាន វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជំរុញការផ្លាស់ប្តូរសមិទ្ធផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីសម្រេចបាននូវគំរូដ៏មានប្រសិទ្ធភាព សមាហរណកម្មរវាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានិងសេដ្ឋកិច្ច។

សង្ឃឹមថា ពង្រីកសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តនិងសកលវិទ្យាល័យ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយ នូវកំណែទម្រង់ប្រព័ន្ធវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយខិតខំកសាងវិទ្យាស្ថានសិក្សាស្រាវជ្រាវដីសណ្តទន្លេ Yangtze ទៅជាក្រុមហ៊ុនផ្តល់ការច្នៃប្រឌិតថ្មីដែលមានកម្រិតខ្ពស់ ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការជំរុញ ការកសាងប្រព័ន្ធនវានុវត្តន៍ក្នុងតំបន់។ គិតមកដល់ចុងឆ្នាំ២០២១ វិទ្យាស្ថានបានបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍កម្រិតជាតិចំនួន៣ មន្ទីរពិសោធន៍សំខាន់ៗកម្រិតខេត្តចំនួន៨ វេទិកាច្នៃប្រឌិតថ្មីសំខាន់ៗ និងវិទ្យាស្ថានសិក្សាស្រាវជ្រាវឯកទេសមួយចំនួននៅក្នុងវិស័យច្នៃប្រឌិតសំខាន់ៗ។

បណ្តាញសេវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវគ្របដណ្តប់ជាង ៥០ ស្រុក (ទីក្រុង សង្កាត់) នៅក្នុងតំបន់ដីសណ្ដទន្លេ Yangtze ដែលបានបម្រើឱ្យសហគ្រាសជាង ១០០០០ជារៀងរាល់ឆ្នាំ។ ក្រោមការជំរុញរបស់លោក Xi Jinping នៅឆ្នាំ ២០០៤ បណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងខេត្ត Zhejiang បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យា អំពីរួមគ្នាកសាងវិទ្យាស្ថានបច្ចេកវិទ្យា និងវិស្វកម្មសម្ភារៈក្រុង Ningbo ហើយនៅឆ្នាំបន្ទាប់ វិទ្យាស្ថានបានរួមគ្នាកសាងដោយភាគីទាំងពីរ បានគ្របដណ្ដប់ពាសពេញខេត្ត នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៥ ដោយពឹងផ្អែកលើសាកលវិទ្យាល័យ Zhejiang រដ្ឋបាលខេត្តនិងវិទ្យាស្ថានណាណូបច្ចេកវិជ្ជាកាលីហ្វ័រញ៉ា បានរួមគ្នាបង្កើតវិទ្យាស្ថានណាណូបច្ចេកវិទ្យាអន្តរជាតិ Zhejiang-California ដែលក្រោយមកបានក្លាយជា មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវផ្នែកណាណូបច្ចេកវិទ្យា ទូទាំងប្រទេសចិនថ្នាក់ជាតិតែមួយគត់។

គិតមកដល់ចុងឆ្នាំ ២០០៧ ខេត្ត Zhejiang បាននាំមកនិងចូលរួមក្នុងសហសាងសង់ ក្រុមហ៊ុននវានុវត្តន៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចំនួន ៥៣០ និងទាក់ទាញបុគ្គលិកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចំនួន ១៣៤៣៧ នាក់ គម្រោងសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន ១១៧៨ ហើយគម្រោងដែលបានដាក់ពាក្យសុំប៉ាតង់ចំនួន ១០៣៧ និងវិនិយោគ ១៨.៩៨ រយលានយាន់ប្រាក់ចិន ក្នុងការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍។

ដូចលោក Xi Jinping បានមានប្រសាសន៍ថា ក្រុមហ៊ុននីមួយៗបានទាក់ទាញធនធានដ៏សម្បូរបែប និងជំរុញខេត្ត Zhejiang ពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅជាខេត្តច្នៃប្រឌិតថ្មីឯករាជ្យ។ ការច្នៃប្រឌិតថ្មីបានក្លាយជាកម្លាំងចលករទី ១ ដែលដឹកនាំការអភិវឌ្ឍខេត្ត Zhejiang៕

វិទ្យុមិត្តភាពកម្ពុជាចិន