(វែលីងតោន)៖ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារកោះភាគខាងត្បូង នៃប្រទេសនូវែលសេឡង់ នៅថ្ងៃពុធនេះ ដែលនាំឲ្យជន់លិចដងទន្លេ ផ្ទះសម្បែង និងផ្លូវថ្នល់ ព្រមទាំងបង្ខំឲ្យប្រជាជនប្រហែល ២០០គ្រួសារ ត្រូវជម្លៀសចេញទៅកាន់ កន្លែងសុវត្ថិភាព។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
ទូរទស្សន៍ វ័នស៍ ញូស៍ (1News) បានឲ្យដឹងថា ប្រជាជនប្រហែល ៧០គ្រួសារ នៅទីក្រុងណិលសុន (Nelson) ដែលស្ថិតនៅភាគខាងជើងនៃកោះខាងត្បូង និង ១៤០គ្រួសារទៀត នៅតំបន់ឆ្នេរភាគខាងលិច ត្រូវបានជម្លៀសចេញ។ រូបភាពពីប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញឲ្យឃើញ ទឹកជំនន់ជន់លិចផ្លូវ ខណៈក្រុមជួយសង្រ្គោះប្រើប្រាស់ទូក ដើម្បីស្វែងរក និងពិនិត្យទីតាំងដែលជន់លិច។ អាជ្ញាធរក៏បានប្រកាសភាពអាសន្ន នៅក្នុងទីក្រុងណិលសុន និងតមបន់ឆ្នេរភាគខាងលិចផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកគ្រប់គ្រងផ្នែកការពារជនស៉ីវិល នៃសង្កាត់ ប៊ូលលឺ (Buller) នៅឆ្នេរភាគខាងលិច លោក អាល់ ឡោន (Al Lawn) បានបញ្ជាក់ថា មនុស្សមួយចំនួននៃទីក្រុងវ៉េសផត (Westport) ត្រូវបានស្នើសុំឲ្យជម្លៀសចេញមុនពេលមេឃងងឹត ដោយសារតែកម្ពស់ទឹកទន្លេ ទំនងជានឹងឈានដល់កម្រិតប្រកាសអាសន្ន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ទីភ្នាក់ងារឧតុនិយមរបស់នូវែលសេឡង់ បានឲ្យដឹងថា តំបន់ជួរភ្នំភាគខាងលិច និងតំបន់ភាគខាងជើងនៃកោះខាងត្បូង អាចទទួលការធ្លាក់ភ្លៀង ក្នុងកម្រិតរហូតដល់ ៥០០មីលីម៉ែត្រ នៅចន្លោះថ្ងៃពុធ និងថ្ងៃសុក្រសប្តាហ៍នេះ៕