(បាងកក)៖ អាជ្ញាធរថៃបាននិយាយថា មានករណីបំផ្ទុះគ្រាប់បែក និងការលួចដុតឱ្យមានគ្រោះអគ្គិភ័យ បានកើតមានលើទីតាំងយ៉ាងហោចចំនួន ១៧កន្លែង នៅឯភាគខាងត្បូងប្រទេស នាថ្ងៃពុធនេះ និងបណ្តាលឲ្យមនុស្ស ៧នាក់រងរបួស។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
បណ្តាខេត្តនៅភាគខាងត្បូងប្រទេសថៃ ដែលស្ថិតនៅតាមបណ្ដោយព្រំដែនជាមួយប្រទេសម៉ាឡេស៊ី ត្រូវបានគេមើលឃើញថា មានការបះបោរកម្រិតទាប អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ខណៈដែលរដ្ឋាភិបាលថៃព្យាយាមទប់ទល់នឹង នៃក្រុមសកម្មប្រយុទ្ធ ដែលចង់ស្វែងរកឯករាជ្យ សម្រាប់ខេត្តដែលមានជនមូស្លីមរស់នៅច្រើនៗដូចជា ខេត្តប៉ាតានី (Pattani), យ៉ាឡា (Yala), ណារ៉ាធីវ៉ាត់ (Narathiwat) និងផ្នែកខ្លះនៃខេត្តសុងក្លា (Songkhla) ជាដើម។
សេចក្តីថ្លែងការណ៍របស់ប៉ូលិស និងយោធាថៃ បានឲ្យដឹងថា ការបំផ្ទុះគ្រាប់បែក និងការដុតបំផ្លាញបានកើតឡើង កាលពីពេលពាក់កណ្តាលអាធ្រាត ឈានចូលថ្ងៃពុធនេះ ដោយមានគោលដៅលើហាងម៉ាត រួមទាំងស្ថានីយ៍ប្រេងឥន្ធនៈ នៅក្នុងខេត្តចំនួន៣ ហើយបណ្តាលឲ្យមនុស្ស ៧នាក់រងរបួសស្រាល។ រហូតមកទល់ពេលនេះ ពុំទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារទាំងនេះនៅឡើយទេ។
គួរបញ្ជាក់ថា ការវាយប្រហារនៅថ្ងៃពុធនេះបានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលថៃចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ ជាមួយក្រុមបះបោរធំជាងគេ គឺ បារីសាន រ៉េវ៉ូលូស៉ី ណាសុនណាល់ (Barisan Revolusi Nasional) កាលពីដើមឆ្នាំនេះ ក្រោយពីបានផ្អាករយៈពេល ២ឆ្នាំ ដោយសារជំងឺរាតត្បាតកូវីដ១៩៕