(សេអ៊ូល)៖ មន្រ្តីយោធាកូរ៉េខាងត្បូងម្នាក់បានអះអាងថា កូរ៉េខាងជើងទំនងជាបានធ្វើតេស្តបាញ់ មីស៉ីលគ្រូសចំនួន២គ្រាប់ ឆ្ពោះទៅកាន់សមុទ្រលឿង នាថ្ងៃពុធនេះ ពោលគឺនៅក្នុងថ្ងៃតែមួយ ដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ធ្វើសន្និសីទសារព័ត៌មាន នាឱកាសខួប១០០ថ្ងៃ នៃការស្បថចូលកាន់អំណាចរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
កាលពី២ថ្ងៃមុន ដែលជាទិវាឧបទ្វីបកូរ៉េត្រូវបានរំដោះចេញពី ការគ្រប់គ្រងរបស់ជប៉ុននោះ លោក យូន បាននិយាយរៀបរាប់អំពី គម្រោងកិច្ចផ្តួចផ្តើមរបស់លោក ដែលសំដៅចង់ជួយលើកកម្ពស់ សេដ្ឋកិច្ចរបស់កូរ៉េខាងជើង ក្នុងករណីដែលទីក្រុងព្យុងយ៉ាង សម្រេចសុខចិត្តទទួលយក ការរំសាយអាវុធនុយក្លេអ៊ែរ។
សម្រាប់ការធ្វើតេស្តខាងលើ វាគឺជាសកម្មភាពតេស្ត មីស៉ីលគ្រូសលើកដំបូងរបស់កូរ៉េខាងជើង គិតចាប់តាំងពីខែមករា ឆ្នាំនេះ។ ម៉្យាងវិញទៀត វាកើតឡើងតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់កងទ័ពកូរ៉េខាងត្បូង និងកងទ័ពអាមេរិក បានចាប់ផ្តើមការធ្វើលំហាត់យោធាជាបឋម នៅមុនការប្រារព្ធសមយុទ្ធធំប្រចាំឆ្នាំ ហៅថា អ៊ុលជី ហ្វ្រីដឹម សៀល (Ulchi Freedom Shield)។
គួរបញ្ជាក់ថា ខណៈកូរ៉េខាងជើង ត្រូវបានហាមឃាត់មិនឱ្យបាញ់តេស្ត មីស៉ីលផ្លោងបាលីស្ទីគ នៅក្រោមសេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិក៏ដោយ ការធ្វើតេស្តមីស៉ីលគ្រូស គឺមិនបំពានសេចក្តីសម្រេចទាំងនោះឡើយ៕