(ហែលស៉ិនគី)៖ ក្រសួងការបរទេសហ្វាំងឡង់ នៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសថាហ្វាំងឡង់នឹងកាត់បន្ថយចំនួនទិដ្ឋាការ ដែលចេញឲ្យពលរដ្ឋរុស្ស៉ី ចាប់ពី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះតទៅ ចំពេលដែលមានកំណើនអ្នកទេសចររុស្ស៉ី ចូលក្នុងតំបន់អឺរ៉ុបកាន់តែច្រើន។ នេះបើតាមការដកស្រង់ចេញផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
ច្រកព្រំដែនគោកហ្វាំងឡង់នៅតែស្ថិតក្នុងចំណោមទីតាំង ចូលទៅកាន់តំបន់អឺរ៉ុបសម្រាប់ពលរដ្ឋរុស្ស៉ី បន្ទាប់ពីប្រទេសលោកខាងលិចផ្សេងទៀត បានបិទ ដែនអាកាសរបស់ខ្លួន មិនឲ្យយន្តហោះរុស្ស៉ីហោះចូល ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។ យ៉ាងនេះក្តី រដ្ឋាភិបាលហ្វាំងឡង់ បានសម្រេចកាត់បន្ថយការផ្ដល់ទិដ្ឋាការ បន្ទាប់ពីអ្នកទេសចររុស្ស៉ីបានចាប់ផ្តើមប្រើប្រាស់អាកាសយានដ្ឋាន ហែលស៉ិនគី វ៉ាន់តា (Helsinki-Vantaa) ជាច្រកគោលដៅវិស្សមកាលនៅអឺរ៉ុប ក្រោយការដកការរឹតបន្តឹងព្រំដែនគោកកាលពីខែកក្កដា។
រដ្ឋមន្រ្តីការបរទេសហ្វាំងឡង់ ប៉េកកា ហាវីស្តូ (Pekka Haavisto) បានបញ្ជាក់ថាហ្វាំងឡង់នឹងកាត់បន្ថយការផ្ដល់ទិដ្ឋាការ ដែលត្រូវបានស្នើសុំប្រចាំថ្ងៃដោយ ជនជាតិរុស្ស៉ីពីចំនួន ១,០០០ ទៅ ៥០០នាក់ក្នុងមួយថ្ងៃ ហើយក្នុងនោះទៀតមាន ១០០ទិដ្ឋាការសម្រាប់ភ្ញៀវទេសចរ។
គួរបញ្ជាក់ថា ហ្វាំងឡង់ និងប្រទេសក្នុងតំបន់បាល់ទិកផ្សេងទៀត ក៏នឹងស្នើឱ្យសហភាពអឺរ៉ុប បញ្ឈប់ការបន្តកិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយរុស្ស៊ី ផងដែរ ដែលកន្លងមកកិច្ចព្រមព្រៀងនេះបានសម្រួលដល់ជនជាតិរុស្ស៊ី ក្នុងការធ្វើដំណើរទៅកាន់ និងស្នាក់នៅតាមប្រទេសជាសមាជិកសហភាពអឺរ៉ុប៕