(កៀវ)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែររ៉ែស (Antonio Guterres) នឹងត្រូវជួបពិភាក្សាការងារជាមួយមេដឹកនាំតួកគី និងអ៊ុយក្រែន នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យប្រមុខ UN គឺលោក ស្ទេហ្វាន ឌូហ្សារីច (Stephane Dujarric) បានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនឹងធ្វើដំណើរទៅកាន់ទីក្រុងល្វីវ (Lviv) ដើម្បីចូលរួមក្នុងកិច្ចប្រជុំត្រីភាគីជាមួយប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ និងលោក ហ្សេលេនស្គី។ លោក ឌូហ្សារីច បន្ថែមថានៅថ្ងៃសុក្រសប្ដាហ៍នេះ មេដឹកនាំទាំង៣ ក៏មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ អូដេសា (Odesa) ផងដែរ ជាទីដែលគ្រាប់ធញ្ញជាតិត្រូវបានអនុញ្ញាតឱ្យនាំចេញ ឡើងវិញក្រោមការសម្របសម្រួលរបស់ UN។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ រុស្ស៉ី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ UN និងតួកគី ដើម្បីចាប់ផ្ដើមដំណើរការ ឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិ ជាផ្នែកមួយនៃការបន្ធូរបន្ថយ និងដោះស្រាយវិបត្តិស្បៀងអាហារពិភពលោក ដែលកំពុងធ្វើឱ្យមនុស្សរាប់លាននាក់ ប្រឈមមុខនឹងគ្រោះទុរភិក្ស៕