(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនបានធ្វើតេស្តបាញ់មីស៊ីលផ្លោងអន្តរទ្វីប មីនុតមែន ស្រ៊ី (Minuteman III) បន្ទាប់ពីត្រូវបានពន្យារពេល កន្លងមក ដើម្បីជៀសវាងភាពតានតឹងជាមួយទីក្រុងប៉េកាំង កំលុងការបង្ហាញសាច់ដុំរបស់ចិននៅក្បែរកោះតៃវ៉ាន់កាលពីដើមខែសីហានេះ។ នេះបើយោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
មីស៊ីលផ្លោងអន្តរទ្វីប Minuteman III ត្រូវបានបាញ់សាកល្បងចេញពីមូលដ្ឋានកងទ័ពអវកាស វ៉ាន់ឌិនបឺគ (Vandenberg) ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍ របស់ខ្លួន យោធាអាមេរិកបានឲ្យដឹងទៀតថា ការធ្វើតេស្តនេះគឺបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំងនុយក្លេអ៊ែរសហរដ្ឋអាមេរិក ក៏ដូចជាការបង្ហាញពីប្រសិទ្ធភាពនៃ សមត្ថភាពកំញើញនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា នៅក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ណាន់ស៉ី ផេឡូស៉ី ប្រធានសភាតំណាងរាស្រ្តអាមេរិកនៅតៃវ៉ាន់ ចិនបានដាក់ពង្រាយយន្តហោះជាច្រើនគ្រឿង និងបានបាញ់មីស៊ីលនៅក្បែរកោះតៃវ៉ាន់ ហើយនៅពេលនោះដែរ យោធាអាមេរិកបានសម្រេចចិត្តការធ្វើតេស្ដមីស៊ីល ដើម្បីបន្ធូរបន្ថយភាពតានតឹង។ មីស៊ីលផ្លោងអន្តរទ្វីប Minuteman III គឺជាអាវុធយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់សហរដ្ឋអាមេរិក ដែលអាចបាញ់បានចម្ងាយ ៩,៦៦០គីឡូម៉ែត្រឡើងទៅ និងអាចហោះក្នុងល្បឿនអតិបរមា ២៤,០០០គីឡូម៉ែត្រ ក្នុងមួយម៉ោង៕