(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះបានរាយការណ៍ថាកូរ៉េខាងជើង និងតំបន់ផ្ដាច់ខ្លួនដូណេតគាំទ្រដោយរុស្ស៉ី ស្ថិតនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន នឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២។
បើតាម KCNA ការកត់សម្គាល់ខាងលើធ្វើឡើងដោយមេដឹកនាំតំបន់ផ្ដាច់ខ្លួនដូណេត លោក ដេនីស ពូស៊ីលីន (Denis Pushilin) នៅក្នុងលិខិតមួយច្បាប់ផ្ញើជូន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ កាលពីខែកក្កដាកន្លងទៅ កូរ៉េខាងជើងបានប្រកាសទទួលស្គាល់តំបន់ផ្ដាច់ខ្លួន២ នៅភាគខាងកើតប្រទេសអ៊ុយក្រែន គឺ សាធារណរដ្ឋប្រជាមានិតលូហាន និងសាធារណរដ្ឋប្រជាមានិតដូណេត ជារដ្ឋឯករាជ្យ ធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសទី៣ដែលទទួលស្គាល់ឯករាជ្យនៃតំបន់ផ្ដាច់ ខ្លួនទាំង២នេះបន្ទាប់ពីរុស្ស៉ី និងស៊ីរី។ ប៉ុន្តែ ភ្លាមៗនោះដែរ អ៊ុយក្រែនបានប្រកាសផ្ដាច់ទំនាក់ទំនងជាមួយកូរ៉េខាងជើង។
នៅក្នុងលិខិតអបអរសាទរនាឱកាសនៃការប្រារព្ធទិវារំដោះប្រទេសកូរ៉េ ផ្ញើជូនលោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៥ ខែសីហានេះ លោក ពូស៊ីលីន បានគូសបញ្ជាក់ ដូច្នេះថា «ប្រជាជនក្នុងតំបន់ដុនបាស់ ក៏កំពុងប្រយុទ្ធតស៊ូដើម្បីសេរីភាព និងយុត្តិធម៌ជាប្រវត្តិសាស្ត្រផងដែរ ដូចដែលប្រជាជនកូរ៉េបានធ្វើកាលពីជាង ៧៧ឆ្នាំមុន ...ហើយលិខិតនេះបានបង្ហាញពីបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងសាធារណរដ្ឋប្រជាមានិតដូណេត និងសាធារណរដ្ឋប្រជាមានិតកូរ៉េ (កូរ៉េខាងជើង)»។
គួរបញ្ជាក់ថា ខណៈសង្រ្គាមនៅអ៊ុយក្រែននៅតែបន្តអូសបន្លាយ កូរ៉េខាងជើង និងរុស្ស៉ីត្រូវបានគេមើលឃើញថាកាន់តែមានទំនាក់ទំនងជិតស្និទ្ធ ដោយកាលពីថ្ងៃទី១៥ ខែសីហានេះ លោក ពូទីន ក៏បានផ្ញើលិខិតអបអរលោក គីម ជុងអ៊ុន នាឱកាសទិវារំដោះប្រទេសកូរ៉េផងដែរ ស្របពេលមានសេចក្ដីរាយការណ៍ថាកូរ៉េខាងជើងមាន បំណងបញ្ជូនពលករបន្ថែម រួមទាំងកងទ័ពទៅកាន់តំបន់ដូណេត និងលូហាន៕