(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក អាន់តូនី អាល់បានីស (Anthony Albanese) នាថ្ងៃអង្គារនេះ បានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានលួចតែងតាំងខ្លួនឯងដោយស្ងាត់ៗ ជារដ្ឋមន្រ្តីនៅក្រសួងចំនួន៥ កាលពីពេលដែលរូបលោក កំពុងនៅកាន់អំណាច។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Guardian នាថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
លោក Albanese បានរិះគន់ធ្ងន់ៗចំពោះលោក Morrison ដោយហៅទង្វើខាងលើថា ជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យរបស់អូស្រ្តាលី។ លោក Albanese ក៏បានឱ្យដឹងដែរថា រូបលោកកំពុងរង់ចាំការណែនាំពាក់ព័ន្ធនីតិវិធីច្បាប់ ថាតើអាចនឹងមានចំណាត់ការអ្វីឬក៏អត់ សម្រាប់ការតែងតាំងមុខតំណែងដោយសម្ងាត់ទាំងនេះ ហើយលោកស្វាគមន៍ជានិច្ច ចំពោះការផ្តល់មិតយោបល់នានា ដើម្បីឱ្យស្ថានការណ៍បែបនេះ កើតឡើងម្តងទៀត។
ចំណែកលោក Morrison វិញ គឺកំពុងប្រឈមការទាមទារឱ្យលាលែងពី តំណែងសមាជិកសភារបស់លោក។ ទោះជាបែបនេះក្តី លោក Morrison បានចេញមុខសុំការអភ័យទោស ប៉ុន្តែបាននិយាយការពារការសម្រេចចិត្តរបស់លោកថា វាជារឿងចាំបាច់បន្ទាន់ ក្នុងអំលុងពេលប្រយុទ្ធប្រឆាំង ការរីករាលដាលនៃជំងឺកូវីដ១៩ នៅប្រទេសអូស្រ្តាលី។
គួរបញ្ជាក់ថា កាលពីចន្លោះខែមីនា ឆ្នាំ២០២០ និងខែឧសភា ឆ្នាំ២០២១ លោក Scott Morrison បានតែងតាំងខ្លួនឯងជា រដ្ឋមន្រ្តីនៅក្រសួងសុខាភិបាល, ក្រសួងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត ថាមពល និងធនធាន, ក្រសួងមហាផ្ទៃ, និងក្រសួងរតនាគារ ដោយពុំមានសេចក្តីប្រកាសផ្លូវការ ឱ្យសាធារណជនអូស្រ្តាលីបានដឹង ឬមួយក៏កំណត់ត្រាអ្វីទាំងអស់ ហើយក្នុងករណីខ្លះ សូម្បីតែរដ្ឋមន្រ្តីក្រសួងផ្ទាល់ ក៏មិនដឹងដែរ។ ការតែងតាំងខ្លួនឯងជាប្រមុខនៃស្ថាប័នទាំងនេះ ផ្តល់ឱ្យលោក Morrison នូវអំណាចក្នុងការសម្រេចចិត្តណាមួយ ពាក់ព័ន្ធវិស័យសំខាន់ៗទាំងនោះ ប្រសិនបើលោកត្រូវការធ្វើយ៉ាងដូច្នោះ៕