(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីភ្នាក់ងារអវកាសរបស់រុស្ស៉ី រ៉ូកូសម៉ូស (Roscosmos) បានបង្ហាញគំរូម៉ូដែលនៃស្ថានីយអវកាស ដែលរុស្ស៉ីគ្រោងនឹងសាងសង់ឡើង ហើយប្រើប្រាស់ក្រោយពេលចាកចេញពី កម្មវិធីស្ថានីយអវកាសអន្តរជាតិ ISS នាពេលអនាគត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារអវកាស Roscosmos បានឱ្យដឹងថា ស្ថានីយអវកាសដែលមានឈ្មោះពេញ Russian Orbital Service Station ឬហៅកាត់ ROSS នឹងត្រូវសាងសង់ឡើងក្នុងពីរដំណាក់កាល ប៉ុន្តែ Roscosmos មិនបានបញ្ជាក់ពីកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ នោះទេ។ ក្រោយចប់ដំណាក់កាលដំបូង ស្ថានីយអវកាស ROSS នឹងចាប់ផ្តើមធ្វើប្រតិបត្តិការ ដោយមានកំណាត់បន្ទប់ចំនួន៤។ បន្ទាប់មក វានឹងទទួលបានកំណាត់បន្ទប់ចំនួន៣ទៀត នៅក្នុងដំណាក់កាលទី២។
ដោយឡែក យោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់រុស្ស៉ី ដំណើរការសាងសង់ដំណាក់កាលទី១ ត្រូវបានគ្រោងថា នឹងចាប់ផ្តើម នៅខ្ទង់ឆ្នាំ២០២៥-២០២៦ ហើយបញ្ចប់ទៅវិញ ពុំឱ្យលើសពីឆ្នាំ២០៣០ឡើយ។ ចំណែកឯ ការសាងសង់ដំណាក់កាលទី២ គឺត្រូវបានគ្រោងនឹងចាប់ផ្តើម នៅក្រោយឆ្នាំ២០៣០ ខណៈស្ថានីយទាំងមូល នឹងហើយរួចរាល់ជាស្ថាពរតែម្តង មិនយូរជាងឆ្នាំ២០៣៥។
ពេលសាងសង់រួច ស្ថានីយ ROSS នឹងផ្ទុកអវកាសយានិករុស្ស៉ីចំនួន៤នាក់ ហើយនឹងមិនអនុវត្តគោលការណ៍ មានមនុស្សស្នាក់នៅជាប់រហូត ដូចជាស្ថានីយអវកាសអន្តរជាតិទេ គឺក្រុមអវកាសយានិករុស្ស៉ី នឹងបំពេញការងារនៅស្ថានីយនោះ ចំនួន២លើកក្នុង១ឆ្នាំ ប៉ុន្តែ១លើកៗ នឹងមានរយៈពេលយូរគួរសម។
គួរបញ្ជាក់ថា កាលពីខែកក្កដា ប្រធានទីភ្នាក់ងារអវកាស Roscosmos ធ្លាប់បានអះអាងថា រុស្ស៉ីនឹងដើរចេញពីកម្មវិធីស្ថានីយ ISS នៅក្រោយឆ្នាំ២០២៤ ហើយកំពុងតែធ្វើការងារ ដើម្បីអភិវឌ្ឍស្ថានីយអវកាសផ្ទាល់ខ្លួន។ ក្រោយមក ក្រុមមន្រ្តីទីភ្នាក់ងារអវកាសរុស្ស៉ី បានចេញមុខបកស្រាយវិញថា រុស្ស៉ីនឹងបន្តសហការគ្នាក្នុងកម្មវិធី ISS រហូតទាល់តែ រុស្ស៉ីមានស្ថានីយអវកាសផ្ទាល់ខ្លួន ដែលអាចធ្វើប្រតិបត្តិការបាន៕