(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃអង្គារនេះបានសម្រែងការសាទរ ចំពោះភាពរីកចម្រើននៃប្រទេសរបស់លោកលើឆាកអន្តរជាតិ ហើយបានអំពាវនាវជាថ្មីទៀតឲ្យមានការប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឲ្យប្រទេសអាស៊ានមួយនេះក្លាយជាស្ពានសន្តិភាព រវាងរុស្ស៉ី និងអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
ក្នុងសុន្ទរកថាប្រចាំមុនថ្ងៃខួប ៧៧ឆ្នាំនៃការទទួលបានឯករាជ្យភាព របស់ឥណ្ឌូណេស៉ី លោក វីដូដូ បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំ២០២២នេះ យើងបានកាន់តំណែងជាប្រធាន G20 ដែលជាវេទិការអន្តរជាតិមួយ បង្កើតឡើងដោយក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើន នៃពិភពលោក ហើយនៅឆ្នាំក្រោយយើងនឹងធ្វើជាប្រធានអាស៊ានវិញម្តង»។ លោក វីដូដូ បានបន្ថែមថា «នេះបង្ហាញថាយើងស្ថិតនៅលើចំណុចកំពូល នៃភាពជាអ្នកដឹកនាំសាកល»។ ដោយឡែកចំពោះបញ្ហារុស្ស៉ី និងអ៊ុយក្រែន លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានគូសបញ្ជាក់ថា «ឥណ្ឌូនេស៉ីបានយល់ព្រមធ្វើជាស្ពានផ្នែកការទូត សម្រាប់ភាគីទាំងពីរផងដែរ»។
គួរបញ្ជាក់ថា កាលពីចុងខែមិថុនា លោក វីដូដូ បានធ្វើដំណើរទៅកាន់ទីក្រុងកៀវ និងទីក្រុងមូស្គូ ដើម្បីជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់លោក ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពចំពោះសង្គ្រាម និងបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ខណៈលោកគឺជាមេដឹកនាំអាស៊ីដំបូងគេ ដែលបានធ្វើដូច្នេះ៕