(បែរឡាំង)៖ អាល្លឺម៉ង់កំពុងបញ្ជូនយន្តហោះយោធាសរុបចំនួន ១៣គ្រឿង ដើម្បីឱ្យទៅចូលរួមសមយុទ្ធ ដែលប្រារព្ធឡើងនៅក្នុងប្រទេសអូស្រ្តាលី ខណៈវាគឺជាការចល័តយន្តហោះច្រើនបំផុត របស់កងទ័ពអាកាសអាល្លឺម៉ង់ ក្នុងកំលុងពេលសន្តិភាព ហើយបង្ហាញឱ្យឃើញពី ការផ្តោតសំខាន់របស់ទីក្រុងបែរឡាំង ទៅលើតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក ជាទីដែលចិនកំពុងកើនឡើងឥទ្ធិពល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន DW នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡាំប្រិច (Christine Lambrecht) បានលើកឡើងថា «ជាការពិតណាស់ បច្ចុប្បន្ននេះ ការផ្តោតសំខាន់របស់យើង គឺបាញ់ទៅរកភាគខាងកើត» ដោយចង់សំដៅលើ ការឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន ប៉ុន្តែលោកស្រី បានគូសបញ្ជាក់ថា «យើងក៏ត្រូវបង្វែរការយកចិត្តទុកដាក់របស់យើង ទៅកាន់តំបន់ដទៃទៀតផងដែរ»។
ពាក់ព័ន្ធនឹងការចល័តយន្តហោះយោធាទាំង ១៣គ្រឿងខាងលើវិញនោះ គឺយន្តហោះចម្បាំង យូរ៉ូហ្វៃធើ (Eurofighter) ចំនួន៦គ្រឿង បានចាកចេញពីមូលដ្ឋាន នៅរដ្ឋ បាវ៉ារៀ (Bavaria) កាលពីថ្ងៃចន្ទសប្តាហ៍នេះ។ ចំណែកយន្តហោះផ្ទុកសាំង A330 ចំនួន៣គ្រឿង និងយន្តហោះដឹកជញ្ជូន A400M ចំនួន៤គ្រឿង បានហោះចេញពីមូលដ្ឋាននៅទីក្រុង កូឡូញ (Cologne) ក្នុងថ្ងៃជាមួយគ្នា។
គួរបញ្ជាក់ថា ក្រុមយន្តហោះយោធាអាល្លឺម៉ង់ នឹងចូលរួមក្នុងសមយុទ្ធឈ្មោះថា ភីច ប្លេក (Pitch Black) ជាមួយកងយន្តហោះយោធា មកពីប្រទេសមួយចំនួនទៀតដូចជា ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង៕