(យូអិន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ បេសកជនពិសេសអង្គការសហប្រជាជាតិ (UN) ប្រចាំមីយ៉ាន់ម៉ា ទើបតែចេញដំណើរទៅ ប្រទេសអាស៊ានមួយនេះ ជាលើកដំបូង គិតចាប់តាំងពីលោកស្រី ត្រូវបានតែងតាំងឱ្យកាន់តួនាទីនេះ កាលពីខែតុលា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចរបស់លោកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) កើតមានឡើង បន្ទាប់ពីការអំពាវនាវថ្មីចុងក្រោយគេរបស់ កុ្រមប្រឹក្សាសន្តិសុខ UN ដែលស្នើឱ្យមានការបញ្ចប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ ព្រមទាំងការបើកទទួលជំនួយមនុស្សធម៌ ដោយពុំមានការរារាំង នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក ស្ទេហ្វេន ឌូចារីគ (Stephane Dujarric) បាននិយាយថា លោកស្រី Heyzer នឹងផ្តោតលើ ការស្វែងរកដំណោះស្រាយ ចំពោះស្ថានការណ៍ដែលកាន់តែដុនដាប, ក្តីបារម្ភចាំបាច់បន្ទាន់នានា ហើយនិងផ្នែកអាទិភាពដទៃទៀត អំលុងអាណត្តិរបស់លោកស្រី។
គួរបញ្ជាក់ថា យ៉ាងណាមិញ លោក Dujarric មិនបានបង្ហើបឱ្យដឹងនោះទេ ថាតើ លោកស្រី Heyzer នឹងជួបជាមួយថ្នាក់ដឹកនាំនៃ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ឬជាមួយអតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី ដែលកំពុងជាប់ឃុំឃាំង ដែរឬអត់ ខណៈការចង់ជួបលោកស្រី ស៊ូជី គឺជាការទាមទារយូរមកហើយរបស់ UN។
ប៉ុន្តែបើតាមអ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាវិញ លោកស្រី Heyzer នឹងទៅដល់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃពុធសប្តាហ៍នេះ ហើយកំលុងពេញទស្សនកិច្ច លោកស្រី នឹងជួបពិភាក្សាជាមួយមេដឹកនាំ ព្រមទាំងមន្រ្តីជាន់ខ្ពស់មីយ៉ាន់ម៉ា ប៉ុន្តែមិនមានសំណើ សុំជួបជាមួយលោកស្រី ស៊ូជី ត្រូវបានធ្វើឡើងនោះឡើយ៕