(ប៉េកាំង)៖ ក្នុងវិស័យជីវភាពរស់នៅរបស់ប្រជាជន ខេត្ត Guizhou បានជំរុញយ៉ាងខ្លាំងនូវសេវាសុខាភិបាលវេជ្ជសាស្ត្របែបឌីជីថល ដើម្បីដោះស្រាយ «បញ្ហាលំបាកក្នុងការព្យាបាលជំងឺ» សម្រាប់អ្នកភូមិ នៅតំបន់ភ្នំដាច់ស្រយាល។
លោក Zhao Long គ្រូពេទ្យផ្នែកជំងឺទូទៅវ័យក្មេង ដែលបម្រើការងារនៅមជ្ឈមណ្ឌលសុខភាព នៅឃុំ Wantanhe ស្រុក Longli ខេត្ត Guizhou គាត់បានជួបអ្នកជំងឺឈឺពោះខ្លាំងហើយក្អួតទៀត។ ដោយសាររោគសញ្ញាធ្ងន់ធ្ងររបស់អ្នកជំងឺនេះ គាត់បានប្រើប្រព័ន្ធពិគ្រោះយោបល់ពី ចម្ងាយនៅក្នុងបន្ទប់ពិគ្រោះភ្លាមៗ ដើម្បីពិភាក្សាអំពីស្ថានភាពអ្នកជំងឺ ជាមួយវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យប្រជាជនស្រុក Longli តាមរយៈវីដេអូដោយទាន់ពេលវេលាជាក់ស្តែង។
លោក Zhao Long បានចូលបម្រើការងារតិចជាងពីរឆ្នាំ ហើយមានបទពិសោធន៍ព្យាបាលតិចតួច។ ខណៈពេលដែលស្តាប់ ការវិភាគអំពីស្ថានភាព គាត់បានពិគ្រោះពិភាក្សាអំពីគំនិតរោគវិនិច្ឆ័យ ដែលគាត់មិនប្រាកដ វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យស្រុក បានផ្តល់ចម្លើយម្តងមួយៗតាមរយៈវីដេអូ។ បន្ទាប់ពីការព្យាបាលរួច ស្ថានភាពអ្នកជំងឺបានសះស្បើយបន្តិច នេះធ្វើឱ្យលោកគ្រូ Zhao Long ស្ងប់ចិត្តខ្លាំងណាស់។
ដោយមានការគាំទ្រពីបច្ចេកវិជ្ជាឌីជីថល ស្រុក Longli បានជំរុញយ៉ាងខ្លាំងក្លា នូវការកសាងប្រព័ន្ធវេជ្ជសាស្ត្រ ក្នុងទីក្រុងនិងជនបទ ធ្វើឱ្យអ្នកភូមិបានជួបអ្នកជំនាញផ្នែកវេជ្ជសាស្ត្រនៅក្នុងភូមិ ចំណេញពេលវេលានិងកាត់បន្ថយបន្ទុក សម្រាប់មហាជនក្នុងការស្វែងរកការព្យាបាល។
ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អត្រាកំណើនសេដ្ឋកិច្ចរបស់ខេត្ត Guizhou និងអត្រាកំណើនសេដ្ឋកិច្ចឌីជីថល បានជាប់ចំណាត់ថ្នាក់កំពូលក្នុងប្រទេសចិនជាច្រើនដង។ យោងតាមផែនការនៅឆ្នាំ២០២៥ សេដ្ឋកិច្ចឌីជីថលនឹងឡើងដល់ ប្រហែល ៥០% នៃ GDP ខេត្ត Guizhou៕
វិទ្យុមិត្តភាពកម្ពុជាចិន