(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ»។ ការចូលជាធរមាននិងអនុវត្តសេចក្តីព្រាងច្បាប់នេះ នឹងជះឥទ្ធិពលចំពោះការធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ក៏ដូចជាសន្តិសុខនិងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់នៃបន្ទះឈីបសកល និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាប្រក្រតីរបស់សហគ្រាសបណ្តាប្រទេសនានា ដោយគោរពតាមក្រឹត្យក្រមទីផ្សារជាមូលដ្ឋាន។

គួររំលឹកថា «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» អាចចែកជាចំណែកធំពីរគឺបន្ទះឈីបនិងវិទ្យាសាស្ត្រ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឧបត្ថម្ភកធនរដ្ឋាភិបាលក្នុងតម្លៃជាង ៥ម៉ឺន២ពាន់លានដុល្លារអាមេរិក ដល់ការសិក្សាស្រាវជ្រាវ និងផលិតវត្ថុពាក់កណ្តាលចម្លងរបស់សហរដ្ឋអាមេរិក ហើយថែមទាំងនឹងលុបចោលពន្ធវិនិយោគ របស់រោងចក្រផលិតបន្ទះឈីបទៀតផង។ ក្រៅពីនេះ សេចក្តីព្រាងច្បាប់ក៏នឹងផ្តល់សិទ្ធិ ក្នុងការទម្លាក់ទឹកប្រាក់ប្រហែល២សែនលានដុល្លារអាមេរិក សម្រាប់ជំរុញការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងច្នៃប្រឌិតថ្មីក្នុងវិស័យនានាដូចជា ភាពវៃឆ្លាតសិប្បនិម្មិត មនុស្សយន្តនិងការគណនា Quantum ជាដើមរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំខាងមុខនេះ។

ទិសដៅសំខាន់មួយនៃ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» គឺបង្ករឿងហេតុឱ្យដៃគូប្រជែងដ៏កំបាំង នេះបានបង្ហាញថា ខណៈពេលប្រឈមមុខនឹងប្រទេសចិន សហរដ្ឋអាមេរិកកាន់តែគ្មានជំនឿចិត្តលើខ្លួនឯង និងកាន់តែមានភាពព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយអ្វីដែល «ចៃដន្យណាស់» គឺ ក្រុងវ៉ាស៊ីនតោនអនុម័តនិងចុះហត្ថលេខាលើ សេចក្តីព្រាងច្បាប់នេះ គឺចំឱកាសមុនពេលរៀបចំធ្វើការពិគ្រោះពិភាក្សានៃ «សម្ព័ន្ធចតុភាគីខាងបន្ទះឈីប» ដែលសហរដ្ឋអាមេរិកខំប្រឹងជំរុញនោះ ហើយសម្ព័ន្ធនេះត្រូវគេសន្មត់ថា ជា «ក្រុមសម្ព័ន្ធតូចដែលប្រឆាំងនឹងប្រទេសចិន» ក្នុងឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកល ដែលក្រុងវ៉ាស៊ីនតោនប៉ុនប៉ងបង្កើតនោះ។ មិនថាសេចក្តីព្រាងច្បាប់ឬក៏សម្ព័ន្ធតូចក្តី វាសុទ្ធតែមានទំនោរបង្ខំឱ្យសហគ្រាសផលិតបន្ទះឈីប ជ្រើសរើសការឈរនៅម្ខាងជាមួយចិនឬអាមេរិក។

ប្រការទាំងនេះបានលើសពីក្របខ័ណ្ឌគោលនយោបាយ គាំទ្រឧស្សាហកម្មធម្មតាដែលបានបង្ហាញពី ភាពជាប់ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយយ៉ាងខ្លាំង។ តាមការពិត បើនិយាយចំពោះសហគ្រាសផលិតបន្ទះឈីបនៃអាមេរិក «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» ចង់ប្រមូលផ្តុំប្រភពធនធាននៃឧស្សាហកម្មផលិតបន្ទះឈីប របស់សម្ព័ន្ធមិត្តឱ្យបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប នៅសហរដ្ឋអាមេរិក ដើម្បីច្រានចោលគូប្រជែង។ ប៉ុន្តែ តាមការពិត គឺសហគ្រាសនៃសម្ព័ន្ធមិត្តរបស់អាមេរិកហ្នឹងឯង ដែលនឹងរងការគំរាមកំហែងមុនគេបង្អស់។

សូមយកកូរ៉េខាងត្បូង ជាឧទាហរណ៍ តាមស្ថិតិនៃប្រព័ន្ធសារព័ត៌មានកូរ៉េខាងត្បូងឱ្យដឹងថា នៅឆ្នាំ២០២១ ទំហំនាំចេញបន្ទះឈីបសរុបរបស់កូរ៉េខាងត្បូងគឺ១សែន២ម៉ឺន៨ពាន់លានដុល្លារអាមេរិក ក្នុងនោះ ទំហំនាំចេញទៅប្រទេសចិន ដែលបូករួមទាំងចិនដីគោកនិងចិនហុងកុង គឺ៦០ភាគរយ។ ក្នុងទំហំលក់ដូរបន្ទះឈីបសរុបនៃក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hynix សមាមាត្រនៃទំហំលក់ដូរជាមួយចិន សុទ្ធតែលើសពី៣០ភាគរយ។ ក្នុងបរិបទបែបនេះ ប្រសិនបើកូរ៉េខាងត្បូង ចូលក្នុង «សម្ព័ន្ធចតុភាគីនៃបន្ទះឈីប» ដើម្បីរួមជាមួយសហរដ្ឋអាមេរិកបដិបក្ខគ្នា ជាមួយប្រទេសចិន នោះ វានឹងបាត់បង់ផលប្រយោជន៍សេដ្ឋកិច្ចទាំងនេះ រហូតដល់ប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកកូរ៉េខាងត្បូងទៀតផង។

ការអភិវឌ្ឍខ្លួនឯងរបស់សហរដ្ឋអាមេរិក គួរតែសមស្របនឹងក្បួនច្បាប់ពាក់ព័ន្ធ នៃអង្គការពាណិជ្ជកម្មពិភពលោក ដែលមានអំណោយផល ក្នុងការគាំពារសន្តិសុខនិងស្ថិរភាព នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់សកល។ មិនត្រូវបង្កឧបសគ្គក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ចពាណិជ្ជកម្ម និងបច្ចេកវិទ្យាជាប្រក្រតីរវាងចិន និងអាមេរិកនោះទេ ហើយក៏មិនត្រូវបំផ្លាញសិទ្ធិនិងផលប្រយោជន៍ អភិវឌ្ឍន៍ដ៏ត្រឹមត្រូវរបស់ភាគីចិនផងដែរ។ ការអនុវត្ត «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» នឹងបង្កផលប៉ះពាល់ដល់ ខ្សែសង្វាក់ផ្គត់ផ្គង់វត្ថុពាក់កណ្តាលចម្លងសកល ក៏ដូចជានឹងបង្កផលប៉ះពាល់ដល់ពាណិជ្ជកម្មអន្តរជាតិផងដែរ។

សហរដ្ឋអាមេរិកប៉ុនប៉ងកាន់កាប់ឧត្តមភាព នៃខ្សែសង្វាក់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងសកល តាមរយៈសេចក្តីព្រាងច្បាប់នេះព្រមទាំងបង្កផលប៉ះពាល់ និងរារាំងក្នុងកម្រិតអតិបរមាដល់ ការអភិវឌ្ឍនិងភាពរីកចម្រើន នៃឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លងរបស់ចិន។ ប៉ុន្តែ ទីបំផុតការពិតជាក់ស្តែង មុខជានឹងផ្ទុយពីគោលបំណងរបស់ពួកគេជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន