(ប៉េកាំង)៖ ក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរការសេដ្ឋកិច្ចជាតិចិន ដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា អ្នកផងជាច្រើនបានកត់សម្គាល់ឃើញ នូវពាក្យមួយមាត់នេះថា «សេដ្ឋកិច្ចបន្តបង្ហាញពីនិន្នាការស្តារឡើងវិញ»។ ការវិនិច្ឆ័យនេះបានបន្ថែមជំនឿចិត្ត របស់មជ្ឈដ្ឋានខាងក្រៅ ចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត។

សូមបញ្ជាក់ថា យោងតាមទិន្នន័យស្ថិតិដែលប្រទេសចិន បានប្រកាសជាផ្លូវការបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិន បានកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២១ ក្នុងនោះ នៅត្រីមាសទីមួយបានកើនឡើង ៤,៨ ភាគរយ ឯនៅត្រីមាសទីពីរបានកើនឡើង ០,៤ ភាគរយ ជាពិសេស ក្នុងត្រីមាសទីពីរ ប្រទេសចិនសម្រេចបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន គឺបានមកដោយមិនងាយទេ ហើយបានលំនឹងស្ថានភាពទូទៅ របស់សេដ្ឋកិច្ចចិន ។ នៅខែកក្កដាឆ្នាំនេះ ក្នុងបរិបទដែលសភាពការណ៍អន្តរជាតិ ប្រឈមនឹងភាពស្មុគស្មាញនិងតឹងរ៉ឹង ព្រមនិងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោកបង្អង់ល្បឿន សេដ្ឋកិច្ចចិនបានបន្តបោះជំហានទៅមុខ ដោយភាពនឹងនរ គឺមិនងាយទេ។

និយាយចំពោះសេដ្ឋកិច្ចចិន ឱកាសការងារនិងតម្លៃទំនិញគឺជាសូចនាករដ៏សំខាន់។ នៅខែកក្កដា អត្រាបាត់បង់ការងារនៅតាម ទីក្រុងនិងជនបទនៅទូទាំងប្រទេសចិនគឺ ៥,៤ ភាគរយ បានធ្លាក់ចុះ ០,១ ភាគរយបើប្រៀបធៀបនឹងខែមុន។ ក្នុងពេលដំណាលគ្នា សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់នៅទូទាំងប្រទេសចិន (CPI) បានកើនឡើង ២,៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ បានទាបជាង ៣ ភាគរយ ដែលជាគោលដៅតាមការប៉ាន់ប្រមាណក្នុងពេញមួយឆ្នាំ។ នៅខែកក្កដានេះ សេដ្ឋកិច្ចចិនបានបន្តស្តារឡើងវិញ ដោយបានបង្ហាញពីលក្ខណៈពិសេសរបស់ខ្លួន ពោលគឺមានភាពធន់យ៉ាងខ្លាំង សក្តានុពលធំធេងនិងចន្លោះអភិវឌ្ឍទូលំទូលាយ សេដ្ឋកិច្ចចិនទទួលបានសមិទ្ធផលដូចនេះ ក៏អាស្រ័យដោយគោលនយោបាយគ្រប់ប្រភេទ លើវិស័យការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ ១៩ ព្រមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទទួលបានប្រសិទ្ធភាពជាបន្តបន្ទាប់ផងដែរ។

លោក Sébastien Périmony អ្នកស្រាវជ្រាវរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ Schiller របស់បារាំង និងជាអ្នកជំនាញខាងបញ្ហាអន្តរជាតិ បានលើកឡើងថា ដោយសាររងឥទ្ធិពលពីកត្តាមួយចំនួន ដូចជាវិបត្តិអ៊ុយក្រែនជាដើម បានជាការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមនឹងកម្លាំងសម្ពាធយ៉ាងខ្លាំង។ ប្រទេសមួយចំនួនមានអតិផរណាខ្ពស់ និងកំណើនទាប ប្រការនេះបានបង្កជាផលប៉ះពាល់អវិជ្ជមានចំពោះអង្គភាពសេដ្ឋកិច្ចពិត ឱកាសការងារនិងការប្រើប្រាស់ជាដើម នៃបណ្តាប្រទេសនានានៅលើពិភពលោក។ ក្នុងបរិបទបែបនេះ ស្ថិរភាពនៃសេដ្ឋកិច្ចចិន ព្រមនិងភាពប្រាកដប្រជាដែលចិន បាននាំមកដល់ពិភពលោក គឺមានតម្លៃពន់ពេក។

ទាក់ទិននឹងរឿងនេះ សហគ្រាសទុនបរទេសដែលប្រកបអាជីវកម្មនៅប្រទេសចិន បានធ្លាប់ឆ្លងកាត់ដោយផ្ទាល់។ នាពេលថ្មីៗកន្លងទៅនេះ របាយការណ៍ដែលចេញផ្សាយ ដោយសភាពាណិជ្ជកម្មអាមេរិកនៅចិន និងសភាពាណិជ្ជកម្មអាល្លឺម៉ង់នៅចិន បានបង្ហាញឱ្យឃើញថា សហគ្រាសទុនអាមេរិកលើសពី ៦០ ភាគរយនិងសហគ្រាសទុនអាល្លឺម៉ង់លើសពី ៧០ ភាគរយគ្រោងផែនការនឹងបន្ថែមការវិនិយោគនៅប្រទេសចិន។ ពិព័រណ៍ផលិតផលប្រើប្រាស់ចិនអន្តរជាតិលើកទីពីរ ដែលធ្វើឡើងនៅខេត្តហៃណាន ប្រទេសចិននៅពេលមុននេះមិនជាយូរប៉ុន្មាន បានទាក់ទាញម៉ាកអន្តរជាតិជាង ១៦០០ ដែលមកពីប្រទេសនិងតំបន់ចំនួន ៦១ ដាក់បង្ហាញក្នុងពិព័រណ៌លើកនេះ។ 

នាពេលបច្ចុប្បន្ននេះ នៅខាងក្រៅ នៅតែមានកត្តាមិនប្រាកដប្រជាជាច្រើនដដែល ការងើបឡើងវិញរបស់សេដ្ឋកិច្ចចិន ក៏មានមូលដ្ឋានមិនសូវរឹងមាំដែរ បើចង់រក្សាលំនឹងនៃសេដ្ឋកិច្ចជាទូទៅ នោះក៏ត្រូវធ្វើការខិតខំប្រឹងប្រែងជាបន្តទៀត។ ប្រឈមនឹងភាពកាន់តែលំបាក ក៏កាន់តែត្រូវហ៊ានឆ្ពោះទៅមុខដោយអង់អាចក្លាហាន។ បច្ចុប្បន្ននេះ និន្នាការល្អប្រសើរនៃសេដ្ឋកិច្ចចិន ដែលមានស្ថិរភាពក្នុងរយៈពេលយូរមិនបានកែប្រែទេ ភាពធន់យ៉ាងខ្លាំងរបស់សេដ្ឋកិច្ចចិន មានលក្ខណៈពិសេសច្បាស់លាស់ ចិនមានឧបករណ៍ជាច្រើន អាចកែសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ដូច្នេះ សេដ្ឋកិច្ចចិនមានសង្ឃឹមបន្តកើនឡើង និងរក្សាក្នុងក្របខណ្ឌដ៏សមរម្យ សេដ្ឋកិច្ចចិននឹងនាំមកនូវពន្លឺភ្លឺស្វាង ដល់អនាគតសេដ្ឋកិច្ចជាសកលដែលមាន ភាពកាន់តែស្រអាប់ទៅពីមួយថ្ងៃទៅមួយថ្ងៃ៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជាចិន