(សេអ៊ូល)៖ មន្ទីរបញ្ចកោណ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចូលរួមក្នុងសមយុទ្ធការពារមីស៉ីលផ្លោង កាលពីសប្តាហ៍មុន នៅលើឆ្នេរនៃរដ្ឋហាវ៉ៃ ជាការហាត់សមផ្នែកយោធារួមគ្នា ដោយផ្តោតការយកចិត្តទុកដាក់លើសភាពការណ៍បច្ចុប្បន្នជាមួយកូរ៉េខាងជើង និងចិន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន មន្ទីបញ្ចកោណបានបញ្ជាក់ថាសមយុទ្ធការពារមីស៉ីល និងបាញ់ផ្លោងមីស៉ីល រួមទាំងលំហាត់សមផ្សេងទៀត បានធ្វើឡើង កាលពីថ្ងៃទី៨ ខែសីហា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ គឺដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងបី ក្នុងការឆ្លើយតបចំពោះបញ្ហប្រឈមជាមួយ កូរ៉េខាងជើង ការការពារសន្តិសុខរួមគ្នា និងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ជាមូលដ្ឋាន។ ព្រមជាមួយគ្នានេះ យោធានៃប្រទេសទាំងបី បានចែករំលែកព័ត៌មានភ្ជាប់នឹងទិន្នន័យយុទ្ធសាស្រ្ត ឲ្យគ្នាទៅវិញទៅមកស្របតាមកិច្ចព្រមព្រៀងត្រីភាគី ផងដែរ។
គួរបញ្ជាក់ថា សមយុទ្ធយោធាខាងលើនេះ ត្រូវបានរៀបចំឡើងជាលើកទី១ គិតចាប់តាំងពីឆ្នាំ២០១៧មក ក្រោយទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ បានធ្លាប់ចុះទាបបំផុតក្នុងឆ្នាំ២០១៩ ជុំវិញជម្លោះប្រវត្តិសាស្រ្ត៕