(ប៉េកាំង)៖ ប្រទេសចិន នៅថ្ងៃអង្គារនេះបានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីតៃវ៉ាន់ចំនួន៧រូប សម្រាប់ការគាំទ្រឯករាជ្យភាពរបស់កោះតៃវ៉ាន់។ នេះបើយោង តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ចិន ស៉ីនហួ (Xinhua) បានឲ្យដឹងថា ក្នុងចំណោមមន្រ្តីដែលរងនូវទណ្ឌកម្មនេះ គឺមានលោកស្រី ហ្ស៉េវ ប៊ីគីម (Hsiao Bi-khim) តំណាងតៃវ៉ាន់ប្រចាំទីក្រុងវ៉ាស៉ីនតោន និងលោក វីលលីតុន គូ (Wellington Koo) អគ្គលេខាកាធិការក្រុមប្រឹក្សាសន្តិសុខជាតិតៃវ៉ាន់។ ក្រៅពីនោះ គឺមានអ្នកនយោបាយដែលកំពុងកាន់អំណាចនៅតៃវ៉ាន់ ផងដែរ។ អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បាននិយាយថាអ្នកដែលជាប់ទណ្ឌកម្មនេះ មិនអាចទៅទស្សនកិច្ច ឬធ្វើដំណើរទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវបានឡើយ ហើយក្រុមហ៊ុន និងអ្នកវិនិយោគដែលពាក់ព័ន្ធនឹងពួកគេ ក៏មិនអាចរកប្រាក់ចំណេញក្នុងប្រទេសចិនបាននោះដែរ។
គួរបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្រ្តីតៃវ៉ាន់ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ និងប្រធានសភាតៃវ៉ាន់ ក៏ត្រូវបានចិនដាក់ទណ្ឌកម្មផងដែរ ដោយទណ្ឌកម្មនេះ ត្រូវបានដាក់ចេញក្រោយដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី កាលពីដើមខែនេះជាសកម្មភាព ដែលទីក្រុងប៉េកាំងហៅថា ជាការបញ្ជូនសញ្ញាខុសដល់ក្រុមអ្នកគាំទ្រឯករាជ្យនៅកោះតៃវ៉ាន់៕