(កៀវ)៖ អ៊ុយក្រែន បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដោយលើកឡើងពីផលវិបាកនៃមហន្តរាយនៅឯរោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) ភាគខាងត្បូងអ៊ុយក្រែន ជាទីដែលទីក្រុងមូស្គូ និងទីក្រុងកៀវ កំពុងទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ក្រោយពី មានការបាញ់ផ្លោងថ្មីៗនៅក្បែរទីតាំងនោះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០២២។
ក្នុងសុន្ទរកជាវីដេអូ កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានព្រមានថាប្រសិនបើកងកម្លាំងរុស្ស៉ី នៅតែបន្តការវាយប្រហារទីក្រុង អេននឺហូដា (Enerhodar) ដែលគ្រប់គ្រងដោយរុស្ស៊ីនាពេលបច្ចុប្បន្ន ឬប្រើវាជាខែលនោះ ពួកគេនឹងក្លាយជា «គោលដៅពិសេស» របស់ទាហានអ៊ុយក្រែន។
បន្ថែមពីលើនេះ ដោយអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មថ្មីៗ លើវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «តាមរយៈ សកម្មភាពរបស់រុស្ស៊ីបច្ចុប្បន្ន ប្រសិនបើមានមហន្តរាយកើតឡើងមែននោះ គឺផលវិបាកអាចប៉ះពាល់ដល់អ្នកដែលនៅស្ងៀមនាពេលនេះ។ ឥឡូវនេះ បើពិភពលោកមិនរួមគ្នាបង្ហាញភាពរឹងមាំ និងការសម្រេចចិត្ត ដើម្បីការពារស្ថានីយថាមពលនុយក្លេអ៊ែរទេ វាមានន័យថាពិភពលោកកំពុងប្រឈម នឹងការបាត់បង់»។
គួរបញ្ជាក់ថា អង្គការឃ្លាំមើលនុយក្លេអ៊ែរពិភពលោក ក៏បានលើកឡើង ពីភាពប្រឈមនឹងហានិភ័យនៃគ្រោះមហន្តរាយ សម្រាប់ពិភពលោកផងដែរ ប្រសិនបើការប្រយុទ្ធគ្នានៅតែបន្តកើតឡើង ក្បែររោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតក្នុងតំបន់អឺរ៉ុបមួយនេះ ចំពោះមុខការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមករវាងមន្ត្រីយអ៊ុយក្រែន និងរុស្ស៊ី៕