(វ៉ាស៊ីនតោន)៖ មានរឿងមួយដែលបណ្ដាប្រទេសទាំងអស់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រហែលជាមានគំនិតដូចគ្នា នោះគឺស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ពិតជា គួរឱ្យព្រួយបារម្ភ និងអាចបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់ទាំងមូល។ ក៏ប៉ុន្តែ លើសពីការគិតដូចគ្នានេះពួកគេមានជំហរខុសៗគ្នា ជាពិសេសនៅពេល និយាយដល់ថាតើនរណាគួរតែត្រូវបានបន្ទោសសម្រាប់ការបង្កឱ្យមានភាពតានតឹងក្នុងពេលបច្ចុប្បន្ន។ ពោលគឺថាតើដោយសារតែដំណើរទស្សនកិច្ចរបស់ប្រធានសភា តំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី នៅតៃវ៉ាន់ ឬក៏ដោយសារតែការធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់របស់ចិន។
ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី៨ ខែសីហាកន្លងទៅ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីង (Wang Wenbin) បានអះអាងថាមានជាង១៧០ ប្រទេសនៅជុំវិញ ពិភពលោកដែលបានបង្ហាញការគំាទ្រចំពោះចិនពាក់ព័ន្ធនឹងសំណុំរឿងតៃវ៉ាន់។ តែតាមរយៈសេចក្ដីថ្លែងការណ៍ចេញផ្សាយដោយក្រសួងការបរទេសនៃបណ្ដាប្រទេសនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិកចំនួន ៣៣ រួមមានតំបន់អាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ អាស៊ីកណ្ដាល និងតំបន់អូសេអានី គេសង្កេតឃើញថាមានការបញ្ចេញប្រតិកម្មផ្សេងៗគ្នា ដោយខ្លះគំាទ្រចិន ខ្លះគំាទ្រ អាមេរិក។ ខ្លះទៀតគាំទ្រចិន តែមិនថ្កោលទោសអាមេរិក ហើយគាំទ្រអាមេរិក តែមិនថ្កោលទោសចិន និងភាគច្រើនចង់នៅអព្យាក្រឹត។
មានប្រទេសចំនួន៣ ដែលបានបង្ហាញការគាំទ្រដោយបើកចំហចំពោះចិន រួមមាន មីយ៉ាន់ម៉ា រុស្ស៉ី និងកូរ៉េខាងជើង ហើយប្រទេសទាំង៣នេះបានថ្កោលទោសអាមេរិកចំៗថាជាអ្នក បង្កភាពតានតឹងនៅក្នុងតំបន់។ ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន របបដឹកនាំយោធាមីយ៉ាន់ម៉ាបាននិយាយថាដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាដើមហេតុបង្កឱ្យមាន តានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ រីឯកូរ៉េខាងជើងចោទសហរដ្ឋអាមេរិកថាបានលូកលាន់កិច្ចការផ្ទៃក្នុងនៃប្រទេសដទៃ និងមានចេតនាបង្កហេតុនយោបាយ និងយោធា។ រុស្ស៉ី វិញ ក៏បានឆ្លៀតថ្កោលទោសអាមេរិកឥតសម្ចៃមាត់ដែរដោយថាទីក្រុងវ៉ាស៊ីនតោន ជាមេបង្កវិបត្តិ និងបញ្ហា ព្រមទាំងបំផ្លាញអធិបតេយ្យនៃប្រទេសដទៃ។
កម្រិតគាំទ្រចិនបែបនេះគឺជារឿងកម្រ តែវាក៏គ្មានអ្វីចម្លែកដែរ ព្រោះទាំងរុស្ស៉ី កូរ៉េខាងជើង និងមីយ៉ាន់ម៉ាសុទ្ធតែមិនមានទំនាក់ទំនងល្អជាមួយអាមេរិក។ ចំណែកឯប្រទេស ១០ផ្សេងទៀត បានបង្ហាញជំហរជិតស្និទ្ធជាមួយចិន តែក៏មិនបានថ្កោលទោសហរដ្ឋអាមេរិកត្រង់ៗនោះដែរ ដោយសេចក្ដីថ្លែងការណ៍នៃប្រទេសទាំងនេះជាឧទាហរណ៍ដូចជា ប៉ាគីស្ថានបានបង្ហាញជំហរថាតៃវ៉ាន់ជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីចិន ក៏ដូចជាគាំទ្រ និងបង្ហាញការព្រួយបារម្ភចំពោះការបំពានអធិបតេយ្យភាព និងបូរណភាពទឹកដីចិន ហើយ អំពាវនាវកុំឱ្យមានការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។
សម្រាប់ប្រទេសចំនួន៤ ដូចជាឥណ្ឌា នូវែលសេឡង់ សិង្ហបុរី និងវៀតណាម បានបង្ហាញជំហរឈរនៅខាងសហរដ្ឋអាមេរិក តែក៏មិនបានថ្កោលទោសចិនត្រង់ៗនោះដែរ។ ពួកគេបាន លើកឡើងតែពីភាពចាំបាច់នៃការបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ដូចគ្នាទៅនឹងរដ្ឋបាលលោក ចូ បៃដិនដែរ ដោយមិនបានបង្ហាញពីការព្រួយបារម្ភពីអធិបតេយ្យ ឬក៏បូរណភាព ទឹកដីអ្វីឡើយ។ ជាក់ស្ដែង សិង្ហបុរីបានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបញ្ចៀសការយល់ច្រឡំទាំងឡាយ ដែលនាំឱ្យមានជម្លោះ និងបង្កអស្ថិរភាពក្នុងតំបន់ ស្របពេលឥណ្ឌាបានពន្យារ ពេលចេញសេចក្ដីថ្លែងការណ៍រហូតទាល់តែដល់ ១០ថ្ងៃ ក្រោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ទើបទីក្រុងញូដេលី បានចេញមុខអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ មានការអត់ធ្មត់ខ្ពស់ និងបញ្ចៀសសកម្មភាពឯកតាភាគីដែលអាចផ្លាស់ប្ដូរស្ថានដើមនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ សំដៅថែរក្សាការពារសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ដោយឡែក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានតែប្រទេសចំនួន ២គត់ គឺជប៉ុន និងអូស្តា្រលី ដែលបានចេញមុខគាំទ្រសហរដ្ឋអាមេរិកដោយបើកចំហ និងថ្កោលទោសចិន ជុំវិញការធ្វើ សមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ដែលប្រទេសទាំង២នេះបានហៅថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់។
ជាការពិតណាស់ សេចក្ដីថ្លែងការណ៍របស់ប្រទេសនីមួយៗ ជុំវិញបញ្ហាតៃវ៉ាន់ បានបង្ហាញពីគោលជំហរនៃប្រទេសទាំងនោះចំពោះសហរដ្ឋអាមេរិក និងចិន ប៉ុន្តែបណ្ដាប្រទេសក្នុងតំបន់ រួមមានទាំងប្រទេសភាគច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ បានជ្រើសរើសយក ជំហរអព្យាក្រឹត តាមរយៈការបង្ហាញការព្រួយបារម្ភ និងអំពាវនាវឱ្យគ្រប់ភាគីទាំងអស់មានការអត់ធ្មត់ ប្រុងប្រយ័ត្នខ្ពស់ និងបញ្ចៀសឱ្យបាននូវរាល់សកម្មភាពទាំងឡាយណាដែលអាច បង្កឱ្យមានភាពតានតឹង ហើយជំហរបែបនេះគេបានឃើញរួចមកហើយដែរ នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក៏ប៉ុន្តែរឿងដែលសំខាន់ បើយើងចង់អព្យាក្រឹត លុះត្រាតែយើងខ្លួនឯង ខ្លាំងដែរ៕