Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការមីយ៉ាន់ម៉ា ផ្តន្ទាទោសលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ៦ឆ្នាំ បន្ថែមទៀត (Video inside)

15-08-2022 17:52

(ណៃពិដោ)៖ តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋាភិបាលយោធា នាថ្ងៃចន្ទនេះ បានផ្តន្ទាទោសលើ លោកស្រី អោងសាន ស៊ូជី ឱ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។

ក្នុងរឿងក្តីពុករលួយចំនួន៤ករណីផ្សេងទៀត ដែលត្រូវបានតុលាការសម្រេចនាថ្ងៃចន្ទនេះ លោកស្រី ស៊ូជី ទទួលរងការចោទប្រកាន់ថា បានប្រើប្រាស់អំណាចរបស់ខ្លួន យកទៅជួលដីរដ្ឋ នៅក្រោមតម្លៃក្នុងទីផ្សារ ហើយបានសាងសង់លំនៅឋានមួយកន្លែង ដោយប្រើថវិកា ដែលបានមកពីការបរិច្ចាគ សម្រាប់គោលដៅសប្បុរសធម៌។

អតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ សម្រាប់ករណីបទល្មើសនីមួយៗ ប៉ុន្តែ៣ករណីក្នុងចំណោមនោះ គឺនឹងត្រូវអនុវត្តព្រមពេលជាមួយគ្នាតែម្តង ដែលធ្វើឱ្យរយៈពេលជាប់ពន្ធនាគារសរុប គឺត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។ យ៉ាងណាក្តី លោកស្រី បានច្រានចោលការចោទប្រកាន់ទាំងអស់ ហើយមេធាវីលោកស្រី ត្រូវគេរំពឹងថា នឹងបន្តដាក់ពាក្យប្តឹងឧទ្ធរណ៍ ចំពោះសេចក្តីសម្រេចរបស់តុលាការ។

គួរបញ្ជាក់ថា កាលពីក្នុងរឿងក្តីមួយចំនួនកន្លងមកនេះវិញ លោកស្រី អោងសាន ស៊ូជី គឺត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ១១ឆ្នាំ រួចទៅហើយ ចាប់តាំងតែពីលោកស្រី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច និងចាប់ឃុំខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២១៕