(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនកំពុងបញ្ជូនបុគ្គលិកយោធារបស់ខ្លួន ចំនួន ១២០នាក់ទៅកាន់អង់គ្លេស ដើម្បីជួយបណ្តុះបណ្តាលកងទ័ពជួរមុខរបស់អ៊ុយក្រែន។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
ការដាក់ពង្រាយកម្លាំងនេះនឹងផ្តល់លទ្ធភាព ឲ្យក្រុមហ្វឹកហ្វឺនថ្មើរជើងចំនួន២ក្រុម ជួយបំពាក់បំប៉នដល់ទាហានអ៊ុយក្រែន ជាមួយនឹងជំនាញស្នូលឲ្យមានប្រសិទ្ធភាព ក្នុងការប្រយុទ្ធ រួមទាំងការគ្រប់គ្រងអាវុធ, របៀបចេញប្រតិបត្តិការលើកទី១, ច្បាប់ធ្វើប្រតិបត្តិការ និងជំនាញផ្សេងៗទៀត។ រដ្ឋាភិបាលនូវែលសេឡង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការហ្វឹកហ្វឺនដល់ទាហានអ៊ុយក្រែនប្រហែល ៨០០នាក់ នឹងធ្វើឡើងទាំងស្រុងនៅលើទីតាំងមួយ ក្នុងចំណោមទីតាំងចំនួន៤ នៅឯអង់គ្លេស ហើយបុគ្គលិកការពារជាតិនូវែលសេឡង់ នឹងមិនធ្វើដំណើរទៅប្រទេសអ៊ុយក្រែនឡើយ។
នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ជេកស៉ិនដា អាដឺន (Jacinda Ardern) បានប្រាប់សន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «យើងច្បាស់ណាស់ថា ការវាយប្រហារយ៉ាងម៉ឺងម៉ាត់លើ អធិបតេយ្យរបស់ប្រទេសមួយ និងការបាត់បង់ជីវិតស្លូតត្រង់ជាបន្តបន្ទាប់ គឺជារឿងខុស និងមិនអាចអត់ឱនបាន។ ការថ្កោលទោសរបស់យើង នឹងបន្តលើសពីពាក្យសម្ដី ដោយរួមបញ្ចូល នូវការគាំទ្ររិះគន់សកម្មភាពរបស់រុស្ស៉ី»។
គួរបញ្ជាក់ថា ការដាក់ពង្រាយបុគ្គលិកការពារជាតិនូវែលសេឡ់ង ទៅហ្វឹកហ្វឺនទាហានអ៊ុយក្រែនខាងលើនេះ គឺជាផ្នែកមួយនៃសកម្មភាពជាបន្តបន្ទាប់របស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន ដែលក្នុងនោះរួមមានជំនួយផ្នែកហិរញ្ញវត្ថុជាង ៤០លានដុល្លារ និងការដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នរុស្ស៉ីចំនួន ៨៤០៕