(ប៉េកាំង)៖ យោធាចិនបានប្រកាសថា ខ្លួនបានរៀបចំការធ្វើសមយុទ្ធបន្ថែមទៀត នៅក្បែរតៃវ៉ាន់ នាថ្ងៃចន្ទនេះ ស្របពេលដែល ប្រតិភូនៃសមាជិកសភាអាមេរិក បានមកបំពេញទស្សនកិច្ចនៅដែនកោះនេះ ហើយជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) នៅក្នុងសកម្មភាពមួយ ដែលទីក្រុងប៉េកាំងចាត់ទុកជា ការរំលោភបំពានលើអធិបតេយ្យរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
ទីបញ្ជការភូមិភាគខាងកើតរបស់យោធាចិន បានប្រកាសថា ខ្លួនបានរៀបចំការធ្វើសមយុទ្ធចម្រុះក្នុងទម្រង់ល្បាត និងប្រយុទ្ធ នៅលើផ្ទៃសមុទ្រនិងផ្ទៃអាកាស ក្បែរកោះតៃវ៉ាន់នាថ្ងៃចន្ទនេះ ហើយថែមទាំងបានសង្កត់ធ្ងន់ថា វាគឺជាការបង្ហាញពីគោលជំហរយ៉ាងរឹងមាំ ដើម្បីប្រឆាំងសហរដ្ឋអាមេរិកនិងតៃវ៉ាន់ ដែលកំពុងបន្តលែងល្បែងនយោបាយ ហើយបង្កការប៉ះពាល់ចំពោះសុខសន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់។
ចំណែកក្រសួងការពារជាតិចិន ក៏បានសេចក្តីថ្លែងការណ៍ដាច់ដោយឡែកផងដែរថា ទស្សនកិច្ចរបស់ក្រុមសមាជិកសភាអាមេរិក បានបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសចិន ហើយបានបកអាក្រាត មុខមាត់ពិតរបស់សហរដ្ឋអាមេរិក ឱ្យឃើញថាជា អ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ក្រសួងការពារជាតិចិន បានបន្តថា កងទ័ពរំដោះប្រជាជនចិន នឹងបន្តហ្វឹកហាត់ហើយត្រៀមលក្ខណៈជានិច្ចសម្រាប់សង្រ្គាម ដើម្បីរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី ព្រមទាំងកម្ទេចកម្លាំងអបគមន៍តៃវ៉ាន់ និងការជ្រៀតជ្រែកនានាពីកម្លាំងបរទេស ទោះក្នុងទម្រង់ណាក៏ដោយ។
គួរបញ្ជាក់ថា សមាជិកសភាអាមេរិកចំនួន៥រូប បានមកដល់ទីក្រុងតៃវ៉ាន់ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ដោយពុំមានការប្រកាសឱ្យដឹង ជាមុនឡើយ។ វាគឺជាដំណើរទស្សនកិច្ចជាន់ខ្ពស់លើកទី២ របស់សហរដ្ឋអាមេរិក បន្ទាប់ពីការបំពេញទស្សនកិច្ចដ៏ចម្រូងចម្រាស របស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោក ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) កាលពីដើមខែសីហានេះ ដែលបានជំរុញឱ្យចិន បើកការធ្វើសមយុទ្ធយោធា ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន អស់រយៈពេលជាច្រើនថ្ងៃ នៅជុំវិញកោះតៃវ៉ាន់៕