(ម៉ានីល)៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយថា ទីក្រុងម៉ានីលកំពុងស្ថិតក្នុងកិច្ចពិភាក្សាគ្នា ដើម្បីទិញឧទ្ធម្ភាគចក្រដឹកជញ្ជូនធុនធ្ងន់ប្រភេទ ឈីនូក (Chinook) ពីសហរដ្ឋអាមេរិក បន្ទាប់ពីលុបចោលកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ដែលមានតម្លៃ២២៧.៣៥លានដុល្លារ ដើម្បីកុំឱ្យជាប់ទណ្ឌកម្ម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
កាលពីខែមិថុនា ប៉ុន្មានថ្ងៃមុនលោក រ៉ូឌ្រីហ្កោ ឌូតឺតេ ចប់អាណត្តិប្រធានាធិបតីរយៈពេល៦ឆ្នាំ របស់លោក ប្រទេសហ្វីលីពីន បានសម្រេចលុបចោលកិច្ចព្រមព្រៀងទិញ ឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនប្រភេទ មី-១៧ (Mi-17) ចំនួន១៦គ្រឿង ដោយសារតែ ក្តីបារម្ភអំពីទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលជាប់ពាក់ព័ន្ធទៅនឹង ការឈ្លានពានរបស់រុស្ស៉ីលើអុយក្រែន។
ឯកអគ្គរដ្ឋទូតហ្វីលីពីន លោក ចូសេ ម៉ានូអែល រ៉ូមូអាល់ដេស (Jose Manuel Romualdez) បានលើកឡើងថា ភាគីអាមេរិកស្ម័គ្រចិត្តដើម្បីឈានដល់កិច្ចព្រមព្រៀង នៅក្នុងទំហំតម្លៃដូចគ្នាដែលហ្វីលីពីនបានត្រៀម ដើម្បីចំណាយទៅលើការទិញឧទ្ធម្ភាគចក្ររុស្ស៉ី។
លោក រ៉ូមូអាល់ដេស បានបន្តថា ឧទ្ធម្ភាគចក្រ ឈីនូក ដែលបានមកនោះ នឹងជំនួសបរិក្ខារបច្ចុប្បន្ន ដែលកំពុងត្រូវបានប្រើប្រាស់ សម្រាប់ការចល័តកងទ័ព និងនៅក្នុងកិច្ចការងារត្រៀមលក្ខណៈ ការពារគ្រោះមហន្តរាយធម្មជាតិ នៅក្នុងប្រទេសអាស៊ានមួយនេះ។
គួរបញ្ជាក់ថា បើតាមលោកអគ្គរដ្ឋទូតហ្វីលីពីន ក្រៅពីកិច្ចព្រមព្រៀងវិស័យយោធា ប្រទេសហ្វីលីពីន នៅក្រោមអាណត្តិដឹកនាំរបស់ លោក ហ្វឺឌីណាន់ ម៉ាកូស ចេអ (Ferdinand Marcos Jr) ក៏មានបំណងបង្កើនទំនាក់ទំនងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក ផងដែរ រួមមានដូចជាក្នុងវិស័យកម្មន្តសាល, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងថាមពលស្អាត ជាដើម៕