(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បាននិយាយនៅថ្ងៃចន្ទនេះថាកូរ៉េខាងត្បូងត្រូវតែដោះស្រាយ ជម្លោះប្រវត្តិសាស្រ្ត ជាមួយប្រទេសជប៉ុន និងសម្រេចឱ្យបាននូវសន្តិភាពជាមួយកូរ៉េខាងជើង ដែលជាជំហ៊ានដ៏សំខាន់ឆ្ពោះទៅរកការពង្រឹងស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
ថ្លែងក្នុងពិធិរំលឹកខួបឆ្នាំ១៩៤៥ នៃការបិទបញ្ចប់អាណានិគមជប៉ុនលើឧបទ្វីបកូរ៉េ លោក យូន បានកត់សម្គាល់ដែរថាទីក្រុងតូក្យូបានក្លាយជាដៃគូ ក្នុងការដោះស្រាយការគំរាមកំហែងដល់សេរីភាពពិភពលោក ហើយបានជំរុញឲ្យប្រទេសទាំងពីរយកដោះស្រាយជម្លោះដែលបន្សល់ទុកតាំងពីសម័យ កាលសង្រ្គាមមក។ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «នៅពេលដែលទំនាក់ទំនងកូរ៉េ-ជប៉ុន ឆ្ពោះទៅរកផ្លូវអនាគតដោយផ្អែកលើតម្លៃរួមគ្នារបស់ ជាសកលរបស់ពួកគេ នោះវានឹងអាចជួយដោះស្រាយបញ្ហាប្រវត្តិសាស្រ្តបាន»។
ដោយឡែក សម្រាប់ប្រទេសកូរ៉េខាងជើង លោក យូន ក៏បានប្រកាសអំពីការសន្យាផ្តល់ជំនួយដ៏ទូលំទូលាយ ប្រសិនបើទីក្រុងព្យុងយ៉ាងបញ្ឈប់ការអភិវឌ្ឍ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ហើយងាកមកចាប់ផ្តើមដំណើរការលុបបំបាត់អាវុធប្រភេទនេះយ៉ាង «ពិតប្រាកដ» និង «យកចិត្តទុកដាក់» បូករួមទាំងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។
គួរបញ្ជាក់ថា ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន មានភាពតានតឹងនឹងគ្នាដោយសារតែជម្លោះប្រវត្តិសាស្ត្រដែលកូរ៉េខាងត្បូងបានចោទប្រកាន់ថាទាហានជប៉ុន បានចាប់បង្ខំឲ្យស្រ្តីកូរ៉េដោយការរំលោភបំពានផ្សេងៗ ខណៈបញ្ហាផ្ទុះឡើងនៃជំងឺកូវីដ ១៩ ក្នុងប្រទេសកូរ៉េខាងជើងក៏បានបន្ថែមភាពតានតឹងលើជម្លោះ ដែលមានស្រាប់ជាមួយកូរ៉េខាងត្បូងផងដែរ៕