(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ្វូមីអុ (Fumio Kishida) នៅថ្ងៃចន្ទនេះបានសន្យាថាប្រទេសរបស់លោកនឹងមិនបង្កសង្រ្គាមជាមួយ ប្រទេសដទៃឡើយ ខណៈក្រុមមន្ត្រីរបស់លោកជាច្រើននាក់បានបំពេញទស្សនកិច្ចទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី (Yasukuni) ដែល សកម្មភាពនេះតែងតែងបង្កការខឹងសម្បារដល់ចិន និងកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
លោក គីស៊ីដា ធ្វើការកត់សម្គាល់ខាងលើ នាឱកាសប្រារព្ធខួបចុះចាញ់សង្រ្គាមលោកលើកទី២ របស់ជប៉ុន។ លោក គីស៊ីដា បានបញ្ជាក់ដូច្នេះថា «យើងនឹងមិនបង្កសង្រ្គាមជាថ្មីណាមួយឡើយ ហើយខ្ញុំនឹងបន្តអនុវត្តតាមពាក្យសន្យានេះ»។ ប៉ុន្តែ ព្រមជាមួយគ្នា នាយករដ្ឋមន្ត្រីជប៉ុនរូបនេះក៏បាន សង្កត់ធ្ងន់ដែរថាខណៈពិភពលោកទាំងមូលកំពុងប្រឈមមុខនឹងជម្លោះឥតឈប់ឈរ ជប៉ុនគឺជាមេដឹកនាំប្រកបដោយការទទួលខុសត្រូវ ក្នុងកិច្ចការពារសន្តិភាព។
គួរបញ្ជាក់ថា លោក គីស៊ីដា មិនបានធ្វើដំណើរដោយផ្ទាល់ទៅកាន់ស្ដូបគោរពវិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី (Yasukuni) នោះទេ។ ស្ដូបគោរពវិញ្ញាណក្ខន្ធ យ៉ាស៊ូគូនី (Yasukuni) ជាកន្លែងគោរពវិញ្ញាណក្ខន្ធដល់អតីតមេដឹកនាំជប៉ុនសម័យសង្រ្គាមចំនួន ១៤រូប ដែលសុទ្ធសឹងតែត្រូវបានកាត់ទោសពីបទ ឧក្រិដ្ឋកម្មសង្រ្គាម ដោយតុលាការសម្ព័ន្ធមិត្តលោកខាងលិច៕