(តៃប៉ិ)៖ ប្រតិភូសមាជិកសភាអាមេរិកមួយក្រុម បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ សម្រាប់ ការបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃ ចំពោះមុខភាពតានតឹងផ្នែកយោធារវាងចិន និងតៃវ៉ាន់ នៅក្រោយដំណើរទស្សនកិច្ចរបស់ប្រធាន សភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
ប្រតិភូសមាជិកសភាអាមេរិកខាងលើ ដឹកនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក អែដ ម៉ាគី (Ed Markey) និងអមដំណើរដោយសមាជិក សភាតំណាងរាស្ត្រអាមេរិក ៤រូបផ្សេងទៀត ហើយនៅក្នុងដំណើរទស្សនកិច្ចនេះពួកគេក៏ត្រូវបានរំពឹងដែរថានឹងជួបពិភាក្សាការងារជាមួយ មេដឹកនាំតៃវ៉ាន់ លោកស្រី ត្សៃ អ៉ីងវិន នៅថ្ងៃចន្ទនេះ។
ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចនេះដែរ ចិនដែលចាត់ទុកតៃវ៉ាន់ ត្រឹមជាខេត្តមួយរបស់ខ្លួន បាននិយាយថាក្រុមប្រតិភូសភាអាមេរិក គួរតែធ្វើសកម្មភាពទាំងឡាយណា ដែលស្របទៅតាមគោលនយោបាយចិនតែមួយ ហើយថាដំណើរទស្សនកិច្ចនេះបានបង្ហាញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកមិនចង់ឃើញស្ថិរភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់នោះទេ និងមិនចង់បន្ធូរបន្ថយការប្រឈមមុខដាក់គ្នារវាងប្រទេសទាំង២ តាមរយៈការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន។
យ៉ាងណាក៏ដោយ សេតវិមាន បានអះអាងថាសមាជិកសភាអាមេរិក ធ្លាប់បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់អស់រយៈពេលជាច្រើនទសវត្សរ៍ មកនេះ ហើយនឹងបន្តធ្វើបែបនេះ ព្រោះវាជាដំណើរទស្សនកិច្ចដែលធ្វើឡើងស្របទៅតាមគោលនយោបាយចិនតែមួយរបស់អាមេរិក៕