(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនថាប្រទេសទាំង២ នឹងពង្រីក ទំនាក់ទំនងទេ្វភាគីគ្រប់ជ្រុងជ្រោយ និងប្រកបដោយលក្ខណៈស្ថាបនាក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួននៅថ្ងៃចន្ទនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងទៀតថានៅក្នុងលិខិតមួយច្បាប់ ផ្ញើជូនលោក គីម ជុងអ៊ុន នាឱកាសប្រារព្ធទិវារំដោះកូរ៉េ លោក ពូទីន បានសង្កត់ធ្ងន់ថាទំនាក់ទំនងជិតស្និទ្ធមិនត្រឹមតែជាផលប្រយោជន៍ សម្រាប់ប្រទេសទាំង២ប៉ុណ្ណោះទេ តែវាក៏នឹងជួយពង្រឹងផងដែរនូវសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ព្រមទាំងតំបន់អាស៊ីភាគឦសានទាំងមូល។
បើតាម KCNA លោក គីម ជុងអ៊ុន ក៏បានផ្ញើលិខិតមួយច្បាប់តបទៅកាន់លោក ពូទីន ផងដែរដោយនិយាយថាទំនាក់ទំនងមិត្តភាពរវាង រុស្ស៉ី និងកូរ៉េខាងជើងមានភាពរឹងមាំតាំងតែពីសម័យសង្រ្គាមលោកលើកទី២ មកម្ល៉េះ ហើយសាមគ្គីភាពនឹងគ្នាបានឈានដល់កម្រិតថ្មីមួយ នៅក្រោមកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការគំរាមកំហែង និងរារាំងការបង្កហេតុយោធាណាមួយពីសត្រូវ។ លោក គីម មិនបានបញ្ជាក់លម្អិតថាតើសត្រូវមួយណានោះទេ ប៉ុន្តែជារឿយៗពាក្យថាសត្រូវនេះគឺសំដៅលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក៕