(ស៊ូដង់)៖ អាជ្ញាធរស៊ូដង់បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្សចំនួន ៥២នាក់បានស្លាប់ និង២៥នាក់រងរបួស អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសស៊ូដង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
ទន្ទឹមនឹងនោះ ផ្ទៃដីកសិកម្មចំនួន ២១៩ ហិកតាត្រូវបានជន់លិច ផ្ទះចំនួន ៥.៣៤៥ ខ្នងត្រូវបានបំផ្លាញ និង ២.៨៦២ ខ្នងរងការខូចខាតក្នុងរដូវវស្សាបច្ចុប្បន្ននៅទូទាំងប្រទេស នេះបើយោងតាមក្រុមប្រឹក្សាជាតិសម្រាប់ការពារជនស៊ីវិល។
រដ្ឋនៅភាគខាងជើងទន្លេនីល ស្ថិតក្នុងចំណោមរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្ទះសរុបចំនួន ២,៧៣២ខ្នង ត្រូវបានបំផ្លាញ និងប្រហែល៦៩០ខ្នងរងការខូចខាត៕