(បាងកក)៖ យោធាថៃបាននិយាយថា ប្រទេសថៃ និងចិនបានចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នាមួយនៅថ្ងៃអាទិត្យ ទី១៤ សីហានេះ ដែលជាសមយុទ្ធលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំបន្ទាប់ពីការផ្អាកដោយបង្ខំដោយសារការរាតត្បាតជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP។
សមយុទ្ធដែលគេឲ្យឈ្មោះថា «Falcon Strike» កើតឡើងបន្ទាប់ពីសមយុទ្ធយោធាដ៏ធំបំផុតរបស់ចិន នៅជុំវិញកោះតៃវ៉ាន់ ដែលត្រូវបានធ្វើឡើងនៅក្នុងការសងសឹក ចំពោះដំណើរទស្សនកិច្ចនៅទីនោះដោយប្រធានសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi។
មេទ័ពអាកាសថៃលោក Prapas Sornchai Dee បាននិយាយថា សមយុទ្ធ Falcon Strike ដែលដំណើរការពីថ្ងៃទី១៤ ខែសីហាដល់ថ្ងៃទី២៥ ខែសីហានៅភាគឦសាននៃប្រទេស គឺមានន័យថា «ពង្រឹងទំនាក់ទំនង និងការយល់ដឹង» ជាមួយប្រទេសចិន។
ក្រសួងការពារជាតិនៅទីក្រុងប៉េកាំង បាននិយាយកាលពីសប្តាហ៍មុនថាបានបញ្ជាក់ថា សមយុទ្ធនេះនឹងរួមបញ្ចូលការហ្វឹកហ្វឺនសម្រាប់ការគាំទ្រផ្លូវអាកាស ការវាយប្រហារលើគោលដៅផ្លូវគោក និងការដាក់ពង្រាយកងទ័ពទាំងតូច និងធំ។
សមយុទ្ធទ័ពអាកាសថៃ-ចិនត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ផ្ទុះជំងឺរាតត្បាត។
វ៉ាស៊ីនតោនបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការអះអាងរបស់ចិននៅក្នុងតំបន់ប៉ាស៊ីហ្វិក ហើយកាលពីសប្តាហ៍មុនបានចាប់ផ្តើមសមយុទ្ធ «Super Garuda Shield» នៅក្នុងប្រទេសឥណ្ឌូនេស៊ីជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន។
ប្រទេសថៃបានស្វែងរកការពង្រឹងទំនាក់ទំនងការពារជាតិ ជាមួយប្រទេសចិន ហើយក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលទិញសព្វាវុធកងទ័ពជើងទឹករបស់ចិន ក្រោមកិច្ចព្រមព្រៀងដែលបានបញ្ចប់នៅឆ្នាំ២០១៧៕