(ប៉េកាំង)៖ អាជ្ញាធរនៅក្នុងប្រទេសចិន បានឱ្យដឹងថាមនុស្ស ៤នាក់បានស្លាប់ និង៩នាក់ រងរបួសនៅក្នុងគ្រោះទឹកជំនន់ដែលបានវាយប្រហារលើភាគនិរតីនៃប្រទេស កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
វីដេអូ ដែលត្រូវបានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមចិន បានបង្ហាញថាទឹកជំនន់បានកើតឡើងភ្លាមៗ ដោយកម្ពស់ទឹកទន្លេមួយនៅក្នុងទីក្រុង ប៉េងហ្សូ (Pengzhou) នៃខេត្តស៊ីឈ័ន (Sichuan) បានហក់ឡើងយ៉ាងខ្លាំង។ បើតាមអាជ្ញាធរនៅក្នុងតំបន់ មនុស្ស៤នាក់បានស្លាប់ ហើយ៣នាក់រងរបួសធ្ងន់ រីឯ៦នាក់ ទៀតរងរបួសស្រាល។
គួរបញ្ជាក់ថា កាលពីខែមិថុនាកន្លងទៅ គ្រោះទឹកជំនន់ដែលបានវាយប្រហារលើភាគខាងត្បូងប្រទេសចិន បានបង្ខំឱ្យប្រជាជនជាងកន្លះលាននាក់ ភៀសខ្លួនចេញពី ផ្ទះសម្បែងទៅរកទីទួលមានសុវត្ថិភាព ព្រមទាំងបានបង្កការខូចខាតគិតជាទឹកប្រាក់ ២៥០លានដុល្លារ៕