(វ៉ាស៊ីនតោន)៖ ដើម្បីបង្វែរការចាប់អារម្មណ៍ ជុំវិញការចុះឆែកឆេរស្វែងរកឯកសារសម្ងាត់ ក្នុងនោះរួមមានទាំងឯកសារពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរនៅឯផ្ទះរបស់ លោកក្នុងរដ្ឋផ្ល័រីដា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបរិហារប៉ូលិស FBI ថាមានស្ដង់ដារពីរ និងចោទប្រកាន់ថាអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ផងដែរ។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន New York Times នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ ទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួន លោក ដូណាល់ ត្រាំ បានបដិសេធថាលោកមិនបានលួចលាក់ ទុកឯកសារសម្ងាត់ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ ដូចដែលប្រព័ន្ធផ្សព្វផ្សាយបានចុះផ្សាយយ៉ាងព្រោងព្រាតនោះទេ។ តែក្នុងពេលព្យាយាមដោះសាយករួចខ្លួននោះដែរ អតីតប្រធានាធិបតីអាមេរិករូបនេះ បែរជាឆ្លៀតចោទប្រកាន់ថាលោក បារ៉ាក់ អូបាម៉ា ក៏ធ្លាប់បានលួចលាក់ទុកឯកសារសម្ងាត់ដែរ នៅពេលលោកចាកចេញពី សេតវិមាន។
លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍ ដូច្នេះថា «លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ធ្លាប់បានរក្សាទុកឯកសារជាង ៣៣លានទំព័រ ហើយ ក្នុងនោះភាគច្រើនជាឯកសារសម្ងាត់ជាតិ។ ថាតើនៅក្នុងចំណោមឯកសារទាំងនោះមានពាក់ព័ន្ធនឹងនុយក្លេអ៊ែរច្រើនប៉ុនណាទៅ? ពោលគឺវាមានច្រើនណាស់»។
ក៏ប៉ុន្តែ ឆ្លើយតបទៅនឹងការចោទប្រកាន់របស់លោក ដូណាល់ ត្រាំ មជ្ឈមណ្ឌលឯកសារជាតិអាមេរិកបានអះអាងថាលោក បារ៉ាក់ អូបាម៉ាមិនមានលួចលាក់ទុក ឯកសារសម្ងាត់ដូចលោក ត្រាំ ចោទប្រកាន់នោះទេ៕