(កូឡុំបូ)៖ ស្រីលង្កា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនបានយល់ព្រមឱ្យនាវាចិនមួយគ្រឿងឈ្មោះ យ័ន វ៉ាង ហ្វាយ (Yuan Wang 5) អាចចូល សំចតនៅឯកំពង់ផែ ហាំបាន់តូតា (Hambantota) ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន នៅថ្ងៃទី១៦ ខែសីហានេះ ខណៈសហរដ្ឋអាមេរិក និងឥណ្ឌា បានបង្ហាញពី ក្ដីព្រួយបារម្ភពីបញ្ហាសន្តិសុខដោយចោទថានាវារបស់ចិននេះជាប្រភេទនាវាឈ្លបយកការណ៍។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៤ ខែសីហា ឆ្នាំ២០២២។
ក្រុមអ្នកជំនាញសន្តិសុខអន្តរជាតិ តួយ៉ាងអាមេរិក និងឥណ្ឌា បានចាត់ទុកនាវា Yuan Wang 5 គឺជានាវាឈ្លបយកការណ៍ ដែលត្រូវបានប្រើប្រាស់ដើម្បីប្រមូលទិន្នន័យ ស៊ើបការណ៍តាមរយៈផ្កាយរណប ហើយក៏អាចប្រើដើម្បីបាញ់គ្រាប់រ៉ុក្កែត និងមីស៊ីលបាលិស្ទីគអន្តរទ្វីបផងដែរ។ ការសម្រេចចិត្តរបស់ស្រីលង្កា ធ្វើឡើងនៅក្នុង បរិបទដែលចិន និងឥណ្ឌា បាននិងកំពុងព្យាយាមពង្រីកឥទ្ធិពលរៀងៗខ្លួន នៅក្នុងប្រទេសស្រីលង្កាដែលកំពុងពើបប្រទះនឹងវិបត្តិសេដ្ឋកិច្ច។ ឥណ្ឌាជាប្រទេស ដែលបានផ្ដល់ជំនួយដល់ស្រីលង្កាច្រើនជាងប្រទេសណាៗទាំងអស់ នៅក្នុងឆ្នាំ២០២២នេះ។
ក៏ប៉ុន្តែ ទីក្រុងញូដេលីនៅតែមានការព្រួយបារម្ភដ៏ធំ នោះគឺខ្លាចចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានយោធានៅថ្ងៃណាមួយ។ ស្រីលង្កាបានប្រគល់កំពង់ផែ Hambantota ទៅឱ្យក្រុមហ៊ុនមួយរបស់ចិនគ្រប់គ្រង កាលពីឆ្នាំ២០១៧ ក្រោមកិច្ចព្រមព្រៀងជួល ៩៩ឆ្នាំ។ យ៉ាងណាក៏ដោយ ឥណ្ឌាកាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានច្រានចោលការលើកឡើងដែរថាខ្លួនបានដាក់សម្ពាធលើស្រីលង្កា ឱ្យបណ្ដេញ និងកុំឱ្យនាវាចិនខាងលើចូលចតនៅឯកំពង់ផែរបស់ខ្លួនឱ្យសោះ៕