(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េតវេដេវ (Dmitry Medvedev) បានព្រមានអំពី «ឧបទ្ទវហេតុ» ដែលអាចកើតមាន នៅទីតាំងរោងចក្រថាមពល ហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporozhia) របស់អ៊ុយក្រែន ដោយបានចោទប្រកានរដ្ឋាភិបាលទីក្រុងកៀវ ថាប្រថុយនឹងគ្រោះថ្នាក់នុយក្លេអ៊ែរ ដោយការបន្តបើកការវាយប្រហារនៅជិតរោងចក្រថាមពលដ៏ធំមួយនេះ៕ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។
រុស្ស៉ី និងអ៊ុយក្រែន កំពុងចោទប្រកាន់គ្នាទៅវិញទៅមក ទាក់ទងនឹងការវាយប្រហារនៅជុំវិញរោងចក្រខាងលើនេះ។ តាមបណ្តាញតេឡេក្រាម នាថ្ងៃសុក្រសប្តាហ៍នេះ លោក ម៉េវេដេវ លើកឡើងពីហានិភ័យខាងនុយក្លេអ៊ែរ លើរោងចក្រ Zaporozhia ដែលរុស្ស៉ីកំពុងគ្រប់គ្រង ដោយអះអាងថា គ្រាប់បែករបស់អ៊ុយក្រែន កាន់តែខិតជិតដល់ទីកន្លែងនោះ។
យ៉ាងនេះក្តី អ៊ុយក្រែនបានអះអាងថា រុស្ស៊ីគឺជាអ្នកកំណត់គោលដៅលើរោងចក្រនេះ ហើយប្រើវាជាខែលក្នុងការធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ, Zaporozhia គឺជារោងចក្រថាមពលដ៏ធំបំផុតនៅអឺរ៉ុប ហើយរក្សាទុកសារធាតុអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូមរាប់សិបតោន នៅក្នុងម៉ាស៉ីនរ៉េអាក់ទ័រ បន្ថែមពីលើប្រេងឥន្ធនៈដែលមានស្រាប់។ មន្រ្តីជំនាញនុយក្លេអ៊ែរ មិនអាចចូលទៅកាន់កន្លែងនេះបានទេ ចាប់តាំងពីកងកម្លាំងរុស្ស៊ីដណ្តើមបានកាលពីដើមឆ្នាំនេះ៕