(ប៉េកាំង)៖ ថ្លែងក្នុងសន្និសីទកាសែតជាប្រចាំ កាលពីថ្ងៃទី១២ ខែសីហា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានច្រានចោលការលើកឡើងរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្ររបស់អាមេរិក ស្តីពីបញ្ហាតៃវ៉ាន់ថា ការដែលលោកស្រីPelosi ទៅធ្វើទស្សនកិច្ចនៅតំបន់តៃវ៉ាន់ គឺវាគ្មានអ្វីពាក់ព័ន្ធនឹងលទ្ធិប្រជាធិបតេយ្យនោះឡើយ បែរជាការជាន់ឈ្លីលទ្ធិប្រជាធិបតេយ្យ និងបានបង្ហាញថា អាមេរិករំលោភសច្ចធម៌អន្តរជាតិ ដើម្បីឆក់យកផលប្រយោជន៍ផ្ទាល់ខ្លួន។

តាមការផ្សាយដំណឹងឱ្យដឹងថា លោកស្រី Nancy Pelosi ប្រធានសភាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិក និងសមាជិកសភាអាមេរិកផ្សេងទៀត ដែលបានអមដំណើរទស្សកិច្ចនៅអាស៊ី បានធ្វើសន្និសីទកាសែតកាលពីប៉ុន្មានថ្ងៃមុន។ លោកស្រី Pelosi បានអះអាងថា ដំណើរទស្សនកិច្ចលើកនេះទាក់ទិននឹងលទ្ធិប្រជាធិបតេយ្យរបស់តៃវ៉ាន់ ដែលស្របតាមគោលនយោបាយចិនតែមួយ របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងមិនស្វែងរកការកែប្រែស្ថានការណ៍បច្ចុប្បន្ន នៅច្រកសមុទ្រតៃវ៉ាន់នោះទេ។

ពេលឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីបញ្ហាពាក់ព័ន្ធ លោក Wang Wenbin បានថ្លែងថា ការលើកឡើងរបស់លោកស្រី Pelosi បានបង្ហាញឱ្យឃើញថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រីនៅតំបន់ចិនតៃវ៉ាន់ គឺជាការបណ្តែតបណ្តោយ និងគាំទ្រដល់កម្លាំងអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ប្រទេសចិនមានសិទ្ធិគ្រប់គ្រាន់ និងចាំបាច់ត្រូវចេញចំណាត់ការតបតយ៉ាងដាច់ខាត ចំពោះការបង្កហេតុរបស់អាមេរិក ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន គាំពារការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃដែលជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ក្នុងន័យគាំពារយ៉ាងប្រាកដប្រជានូវសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់៕

វិទ្យុមិត្តភាពកម្ពុជាចិន