(ប៉េកាំង)៖ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានផ្តល់បទសម្ភាសន៍ជាមួយ ប្រព័ន្ធផ្សព្វផ្សាយមជ្ឈិមចិន កាលពីថ្ងៃទី ១១ ខែសីហា។

នៅពេលអ្នកសារព័ត៌មានសួរសំណួរអំពី សមិទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ានលើកនេះ លោក Wang Yi បានលើកឡើងថា សមិទ្ធផលដ៏ធំបំផុតនៃកិច្ចប្រជុំលើកនេះ គឺការអនុវត្តទាំងស្រុងនូវគំនិតឯកភាពរួម នៃកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការសន្ទនាចិន-អាស៊ានរហូត ឈានដល់ផែនការប្រតិបត្តិការ នៃទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិន-អាស៊ាន និងគ្រោងចំណុចសំខាន់និងទិសដៅ នៃកិច្ចសហប្រតិបត្តិការជំហានបន្ទាប់។ បណ្តាភាគីទាំងអស់បានសម្រេចជាឯកច្ឆ័ន្ទ លើការប្រកាន់ខ្ជាប់នូវគោលគំនិតអំពី ការចាត់ទុកការអភិវឌ្ឍជាអាទិភាព ចែករំលែកាលានុវត្តភាពអភិវឌ្ឍន៍ តភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ និងបង្កើតគំរូអភិវឌ្ឍន៍។

ទាក់ទិននឹងគំនិតឯកភាពរួមដ៏សំខាន់ ដែលសម្រេចបានក្នុងដំណើរទស្សនកិច្ច នៅកម្ពុជា លោក Wang Yi បានមានប្រសាសន៍ថា ប្រទេសចិននិងកម្ពុជា ជាប្រទេសជិតខាងដ៏សំខាន់និងជាមិត្តដែកថែប។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីកម្ពុជាបានបង្ហាញពី គោលជំហរយ៉ាងច្បាស់អំពី ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ប្រឆាំងយ៉ាងដាច់ខាតនូវរាល់ពាក្យសម្តី ឬទង្វើណាមួយ ដែលរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន ហើយនឹងឈរយ៉ាងរឹងមាំជាមួយប្រជាជនចិនជាង ១,៤ ពាន់លាននាក់។

ជាចុងក្រោយ លោក Wang សង្កត់ធ្ងន់ថា ភាគីទាំងពីរបានឯកភាពគ្នាលើ ការយកគំនិតឯកភាពរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ធ្វើជាគោលការណ៍ណែនាំ និងឆ្លៀតឱកាសពិភាក្សាអំពីការចុះហត្ថលេខាលើ ផែនការប្រតិបត្តិការថ្មីអំពីសហគមន៍រួមវាសនា ដើម្បីគាំទ្រគ្នាទៅវិញទៅមកយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹង ស្ថានភាពជាតិរៀងៗខ្លួន និងនាំមុខក្នុងការជំរុញការអនុវត្តយ៉ាងជាក់ស្តែង នូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល និងគំនិតផ្តួចផ្តើមសន្តិសុខសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន