(តៃប៉ិ)៖ ក្រសួងការបរទេសតៃវ៉ាន់នាថ្ងៃសៅរ៍នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការអរគុណដោយស្មោះ ចំពោះសហរដ្ឋអាមេរិក សម្រាប់ការចាត់វិធានការរឹងមាំជាក់ស្តែង ដើម្បីរក្សាសន្តិសុខនិងសន្តិភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍ខាងលើ គឺជាការឆ្លើយតបចំពោះ ការធ្វើអត្ថាធិប្បាយរបស់មន្រ្តីជាន់ខ្ពស់សេតវិមាន ទទួលបន្ទុកកិច្ចការឥណ្ឌូ-ប៉ាស៉ីហ្វិក លោក ឃើត ខេមប៊ែល (Kurt Campbell) ដែលកាលពីថ្ងៃសុក្រសប្តាហ៍នេះ បានលើកឡើងថា ចិនបញ្ចេញប្រតិកម្មជ្រុលហួសប្រមាណ ចំពោះដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) នៅតៃវ៉ាន់ ហើយទីក្រុងប៉េកាំងបានប្រើប្រាស់ ការបំពេញទស្សនកិច្ចនេះ ជាលេសដើម្បីព្យាយាមផ្លាស់ប្តូរស្ថានភាពដើម នៅច្រកសមុទ្រតៃវ៉ាន់។
ក្នុងការធ្វើអត្ថាធិប្បាយនោះ លោក Campbell ក៏បានបន្ថែមផងដែរថា ទីក្រុងវ៉ាស៉ីនតោននឹងបន្តអនុវត្ត ការបញ្ជូននាវានិងយន្តហោះយោធា ឱ្យមកធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាប្រចាំ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងថា ការសម្លុតគំរាមផ្នែកយោធានិងសេដ្ឋកិច្ចរបស់ចិន បានធ្វើក្រុមអ្នកាន់លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក កាន់តែមានសាមគ្គីរឹងមាំ និងភាពអត់ធន់កាន់តែខ្លាំងថែមទៀត។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បានអះអាងថា ការគំរាមកំហែងផ្នែកយោធារបស់ចិន គឺមិនទាន់ថមថយនៅឡើយទេ បើទោះបីជាការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំបំផុត របស់ទីក្រុងប៉េកាំង នៅជុំវិញដែនកោះនេះ ដែលជាការឆ្លើយតបមួយ ចំពោះទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី ត្រូវបានបិទបញ្ចប់ទៅវិញក៏ដោយ៕