(ប៉េកាំង)៖ ជុំវិញករណីដែលលោក Joe Biden ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រ» នៅពេលថ្មីៗកន្លងទៅនេះ មតិមហាជនអាមេរិកបាននាំគ្នាសម្តែងថា គ្នានសុទិដ្ឋិនិយមអីនោះទេ។ កាសែត «The New York Times» បានបង្ហាញថា មើលទៅសេចក្តីព្រាងច្បាប់នេះមានមហិច្ឆតាខ្លាំងណាស់ ប៉ុន្តែប្រហែលពិបាកទទួលបាន ប្រសិទ្ធភាពក្នុងពេលច្រើនឆ្នាំខាងមុខទេ។

ហេតុអ្វីបានជាសេចក្តីព្រាងច្បាប់ដែលមានចំនួនជាង១ពាន់ទំព័រនេះ ត្រូវបានគេសង្ស័យជាទូទៅ? ពីព្រោះវាខុសប្រក្រតីទាំងខ្លឹមសារនិងគោលដៅ។ ខ្លឹមសារសំខាន់របស់វាមានបីចំណុច គឺ ទីមួយ ផ្តល់ការគាំទ្រជាទឹកប្រាក់ចំនួន៥ម៉ឺន ២ពាន់ ៧រយលានដុល្លារអាមេរិក ដល់ឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង ទីពីរ លុបចោលពន្ធដារ២៥ភាគរយ ដែលមានទំហំប្រហែល២ម៉ឺន ៤ពាន់លានដុល្លារអាមេរិក ចំពោះសហគ្រាសដែលបានវិនិយោគលើវិស័យនេះ ទីបីទម្លាក់ថវិកាប្រហែល២សែនលានដុល្លារអាមេរិក សម្រាប់គាំទ្រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឈានមុខ ដូចជាភាពវៃឆ្លាតសិប្បនិម្មិត មនុស្សយន្តនិងការគណនា Quantum ជាដើម។

តាមរយៈវិធានការទាំងនេះ សហរដ្ឋអាមេរិកនឹងទាក់ទាញសហគ្រាស ទៅកសាងរោងចក្រនៅសហរដ្ឋអាមរិក ជំរុញឱ្យមុខរបរផលិតបន្ទះឈីបកម្រិតជឿនលឿន ដែលមានខ្នាតតូចជាង២៨ Nanometer ប្រមូលផ្តុំនៅសហរដ្ឋអាមេរិក ដើម្បីរក្សាអនុត្តរភាពខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។ មជ្ឈដ្ឋានខាងក្រៅបានសម្គាល់ឃើញថា សេចក្តីព្រាងច្បាប់នេះក៏បានកំណត់ថា សហគ្រាសដែលទទួលបានការឧបត្ថម្ភ ពីអាមេរិកមិនអាចធ្វើការលក់ដូរធំៗណាមួយ និងវិនិយោគទៅលើមុខរបរផលិតបន្ទះឈីបកម្រិតជឿនលឿន ជាមួយប្រទេសចិនឬក៏ប្រទេសផ្សេងទៀត ដែលគួរឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភ។ អ្វីដែលហៅថា មាត្រា «ការពារ» ទាំងនេះ ព្រមទាំងបានសំដៅចំពោះប្រទេសចិន ដោយផ្ទាល់ បានបង្ហាញពីទុក្ខកង្វល់ជាយុទ្ធសាស្ត្ររបស់អាមេរិក ដែលពិបាកទប់ស្កាត់បាន។

ប៉ុន្មានឆ្នាំកន្លងទៅនេះ ប្រទេសមួយចំនួនដូចប្រទេសចិនជាដើម បានបន្តទទួលការវិវឌ្ឍលើមុខរបរផលិតវត្ថុពាក់កណ្តាលចម្លង ជាបន្តបន្ទាប់ ដែលនាំឱ្យសហរដ្ឋអាមេរិកកើតមានក្ដីព្រួយបារម្ភ។ សេចក្តីព្រាងច្បាប់នេះបង្ខំឱ្យសហគ្រាសបន្ទះឈីប ជ្រើសរើសឈរនៅម្ខាងជាមួយអ្នកណា គឺមានគោលបំណងបង្កឧបសគ្គចំពោះ ការអភិវឌ្ឍឧស្សាហកម្មវត្ថុពាក់កណ្តាលចម្លង របស់ប្រទេសចិនជាដើម និងបង្កើនឋានៈឧត្តមភាពរបស់សហរដ្ឋអាមេរិក ក្នុងមុខរបរផលិតបន្ទះឈីប។ នេះក៏ជាមូលហេតុ កាន់តែជ្រាលជ្រៅ ដែលភាគីអាមេរិកដាក់ចេញសេចក្តីព្រាងច្បាប់នេះ។

ក្រៅពីនេះ បើនិយាយចំពោះសហគ្រាសបន្ទះឈីបនៅក្រៅសហរដ្ឋអាមេរិក សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីប និងវិទ្យាសាស្ត្រចង់រៀបចំឱ្យ ឧស្សាហកម្មផលិតបន្ទះឈីបរបស់សម្ព័ន្ធមិត្ត ចូលក្នុងសហរដ្ឋអាមេរិកបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ ដើម្បីច្រានចោលគូប្រជែង។ ប៉ុន្តែ តាមការពិត សហគ្រាសដែលនឹងរងការគំរាមកំហែងមុនគេបង្អស់ គឺសហគ្រាសរបស់សម្ព័ន្ធមិត្តរបស់អាមេរិក ដូចជាក្រុមហ៊ុន SAMSUNG ជាដើម។

តាមការប៉ាន់ប្រមាណរបស់ស្ថាប័នវាយតម្លៃ ដូចជាក្រុមហ៊ុនប្រឹក្សាយោបល់ Boston ជាដើមបានឱ្យដឹងថា ប្រសិនបើក្រុងវ៉ាស៊ីនតោនអនុវត្តគោលនយោបាយ «បង្ខំឱ្យផ្តាច់ទំនាក់ទំនងជាមួយចិនលើវិស័យបច្ចេកទេស» នោះ ប្រហែលនឹងបង្កបញ្ហាដល់ប្រទេសចិនក្នុងរយៈពេលដ៏ខ្លី ប៉ុន្តែសហគ្រាសវត្ថុពាក់កណ្តាលចម្លង របស់សហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។ តាមការប៉ាន់ប្រមាណ សហគ្រាសអាមេរិកនឹងបាត់បង់ ចំណែកទីផ្សារសកល១៨ភាគរយ និងប្រាក់ចំណូល៣៧ភាគរយ ព្រមទាំងនឹងកាត់បន្ថយ ឱកាសការងារបច្ចេកវិទ្យាខ្ពស់ចំនួនពី១ម៉ឺន ៥ពាន់ ដល់៤ម៉ឺនកន្លែង។

ពេលវេលានឹងបញ្ជាក់ថា អាមេរិកបង្ករឿងហេតុដល់គូប្រជែង បង្កហានិភ័យក្នុងខ្សែសង្វាក់ឧស្សាហកម្មបន្ទះឈីប នៅទូទាំងពិភពលោកនិងប្រឌិតឧបសគ្គ ក្នុងការអភិវឌ្ឍរបស់ឧស្សាហកម្មបន្ទះឈីបពិភពលោក ប្រការទាំងនេះមុខជានឹងនាំមក នូវផលប៉ះពាល់ដល់អាមេរិកវិញជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន