(ប៉េកាំង)៖ ក្នុងពេលប្រាស្រ័យទាក់ទងជាមួយនិង រដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ុងហ្គោលី កូរ៉េខាងត្បូង និងនេប៉ាល់នាពេលថ្មីៗនេះ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានអធិប្បាយពី គោលជំហររបស់ប្រទេសចិន អំពីនិន្នាការថ្មីនៃស្ថានការណ៍ នៅច្រកសមុទ្រតៃវ៉ាន់ ដោយលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់ចិនតៃវ៉ាន់ ត្រូវបានបញ្ជាក់យ៉ាងច្បាស់ថា ជាការបង្កហេតុផ្នែកនយោបាយសុទ្ធសាធ ហើយក៏ជារឿងកំប្លែងផ្នែកនយោបាយសុទ្ធសាធផងដែរ។
លោក Wang Yi បានលើកឡើងថា បច្ចុប្បន្ននេះ ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ កំពុងបន្តវិវឌ្ឍទៅមុខ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះ និន្នាការដែលមានគ្រោះថ្នាក់ចំនួនបី ពោលគឺ៖ ទីមួយ ត្រូវប្រុងប្រយ័ត្នចំពោះសហរដ្ឋអាមេរិក ដែលមិនទទួលយកភាពបរាជ័យ ហើយរួមជាមួយសម្ព័ន្ធមិត្តមួយចំនួន ដើម្បីញុះញង់បញ្ឆេះកំហឹងនិងពង្រីកការដាក់ពង្រាយ កម្លាំងយោធាក្នុងតំបន់ ធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ ក្នុងចេតនាចង់បង្កវិបត្តិកាន់តែធំថែមទៀត។ ទីពីរ គឺត្រូវប្រុងប្រយ័ត្នចំពោះ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ ដែលធ្វើការវិនិច្ឆ័យខុសចំពោះស្ថានការណ៍ ដោយបន្តបង្កើនការឃុបឃិតជាមួយកម្លាំងខាងក្រៅ ហើយដើរលើផ្លូវបំបែកបំបាក់ប្រទេសជាតិនិងប្រជាជាតិ។ ទីបី គឺត្រូវប្រុងប្រយ័ត្នចំពោះអ្នកនយោបាយ នៃប្រទេសមួយចំនួនដែលមិនអើពើពីការខុសនិងត្រូវ ហើយឃោសនាបំប៉ោង និងធ្វើការសម្តែងល្ខោននយោបាយ ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនខាងនយោបាយ។
ប្រការនេះនឹងប៉ះពាល់យ៉ាងខ្លាំងក្លាដល់ មូលដ្ឋាននយោបាយនៃទំនាក់ទំនងជាមួយប្រទេសចិន ព្រមនិងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រព័ន្ធអន្តរជាតិក្រោយពី សង្គ្រាមលោកលើកទីពីរ៕
វិទ្យុមិត្តភាពកម្ពុជាចិន