(ស៉ីដនី)៖ សេដ្ឋវិទូអូស្រា្តលីម្នាក់ និងជាអតីតទីប្រឹក្សារបស់ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) បានសារភាពថាខ្លួនមិនបានប្រព្រឹត្តខុសអ្វីឡើយ ចំពោះការចោទប្រកាន់ពី បទរំលោភច្បាប់ប្រឆាំងសកម្មភាពស៉ើបការណ៍សម្ងាត់ កំលុងសវនាការបិទទ្វារ ដែលធ្វើឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអូស្រ្តាលី ABC នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។
លោក សន ថឺនណេល (Sean Turnell) ត្រូវបានឃុំខ្លួនក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីថ្ងៃទី៦ ខែកុម្ភៈ គឺប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលរបស់លោកស្រី ស៊ូជី ត្រូវបានទម្លាក់ពីអំណាច ដោយរដ្ឋប្រហារយោធា។ លោកប្រឈមមុខនឹង ការជាប់ពន្ធនាគារ រហូតដល់១៤ឆ្នាំ ប្រសិនបើរកឃើញថាមានកំហុសពិតមែននោះ។
ដោយដកស្រង់សម្តីរបស់មន្រ្តីផ្នែកច្បាប់ ABC បានរាយកាណ៍ថា លោក Turnell បានផ្តល់សក្ខីកម្មនៅក្នុងតុលាការជាលើកដំបូង ចាប់តាំងពីការចាប់ខ្លួនលោក។ យ៉ាងនេះក្តី នៅមិនទាន់មានការបញ្ជាក់ណាមួយ ពីសំណាក់មេធាវីរបស់លោក Turnell ក៏ដូចជារបបយោធាមីយ៉ាន់ម៉ានៅឡើយទេ ជុំវិញព័ត៌មាននេះ។
គួរបញ្ជាក់ថា ចាប់តាំងតែពីលោក Turnell បានជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា រដ្ឋាភិបាលអូស្រ្តាលី បានទទូចជាច្រើនលើកច្រើនសា ដើម្បីព្យាយាមឱ្យមានការដោះលែងរូបលោកវិញ។ ក្រៅពីលោក Turnell សមាជិកមួយចំនួននៃក្រុមទីប្រឹក្សាសេដ្ឋកិច្ច របស់លោកស្រី ស៊ូជី ក៏ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋដូចគ្នាផងដែរ៕