(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូង បានឱ្យដឹងថា នៅថ្ងៃសុក្រនេះ យន្តហោះចម្បាំងមួយគ្រឿងប្រភេទ F-4E បានធ្លាក់ ពេលបំពេញបេសកកម្មសន្តិសុខ នៅលើផ្ទៃសមុទ្រលឿង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yonhap នៅថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២។
ហេតុការណ៍ធ្លាក់យន្តហោះខាងលើ បានកើតឡើងកាលពីវេលាម៉ោង ១២៖២០នាទីថ្ងៃត្រង់ ខណៈយន្តហោះចម្បាំងនោះ ធ្វើដំណើរឆ្ពោះមកកាន់មូលដ្ឋានរបស់ខ្លួនវិញ នៅទីក្រុងស៊ូវ៉ុន (Suwon) នៃខេត្តហ្គីយឹងហ្គីដូ (Gyeonggi-do) ដែលមានចម្ងាយ ៣៥គីឡូម៉ែត្រ ពីភាគខាងត្បូងនៃរដ្ឋធានីសេអ៊ូល។
គួរបញ្ជាក់ថា សម្រាប់ពីឡុតទាំង២នាក់វិញ គឺពួកគេបានចាកចេញពីយន្តហោះ ដោយសុវត្ថិភាព។ កងទ័ពអាកាសកូរ៉េខាងត្បូង ក៏បានរៀបចំក្រុមការងារមួយផងដែរ ដើម្បីស៉ើបអង្កេតឱ្យដឹងពីមូលហេតុជាក់លាក់ នៃឧប្បត្តិហេតុធ្លាក់យន្តហោះចម្បាំងនេះ៕